Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

ជុំវិញការតែងតាំងមន្ត្រីនគរបាលម្នាក់ជាប្រធាននាយកដ្ឋានកណ្តាល នគរបាលយុត្តិធម៌ មានការរិះគន់ទាំងក្នុង និងក្រៅស្រុក ទោះបីមានការបកស្រាយពីអ្នកនាំពាក្យក្តី

0

 

ថ្មីៗនេះ មានការរិះគន់ខ្លាំងលើការតែងតាំងមន្ត្រីនគរបាលថ្នាក់ឧត្តមសេនីយ៍ទោ ផ្កាយ២ម្នាក់ ជាប្រធាននាយកដ្ឋានកណ្តាល នគរបាលយុត្តិធម៌ គឺលោក យ៉ាំ សីងម៉ៅ ដែលការតែងតាំងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រេចតាមការស្នើសុំពីអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ។

បើទោះបីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានការពារការតែងតាំង ដោយបានច្រានចោល និងពន្យល់បកស្រាយយ៉ាងណាក្តី ប៉ុន្តែនៅតែមានការរិះគន់ខ្លាំងទៅលើការតែងតាំងនេះ ដោយថា លោក យ៉ាំ ស៊ីងម៉ៅ មិនមានចំណេះជំនាញ បទពិសោធន៍ ក្នុងការកាន់តំណែងជាប្រធាននាយកដ្ឋានកណ្តាល នគរបាលយុត្តិនេះទេ។ មួយទៀតក៏មានការរិះគន់ថា លោក យ៉ាំ ស៊ីងម៉ៅ មានការពាក់ព័ន្ធនឹងរឿងនាំចិនចូលខុសច្បាប់មកកម្ពុជា។

ប៉ុន្តែរាល់ការចោទប្រកាន់ទាំងនេះ ត្រូវបានអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ បដិសេធយ៉ាងដាច់អហង្ការ ហើយថា លោក អ៊ុ សំអាន ដែលចោទថា លោក យ៉ាំ ស៊ីងម៉ៅ ជាអគ្គនាយកក្រុមហ៊ុននាំចិនខុសច្បាប់ចូលកម្ពុជានោះ គឺការចោទនេះ ជាការមួលបង្កាច់ លាបពណ៌ រំលោភសិទ្ធិបុគ្គលដើម្បីប្រយោជន៍នយោបាយរបស់ខ្លួន និងក្រុមរបស់ខ្លួន។

លោក ផែង វណ្ណៈ ដែលគេស្គាល់ថា ជាអ្នកកាសែតល្បីល្បាញ១រូប លើបណ្តាញសង្គម បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួន ឈ្មោះ Pheng Vannak News ថា ការស្នើសុំតែងតាំង លោក យ៉ាំ ស៊ីងម៉ៅ ជាប្រធាននាយកដ្ឋានកណ្តាល នគរបាលយុត្តិធម៌ មិនខុសច្បាប់ទេ។ ប៉ុន្តែអ្វី ដែលគេរិះគន់ គឺមន្ត្រី ដែលទទួលបានការតែងតាំងនេះគ្មានសមត្ថភាព គ្មានចំណេះជំនាញលើការងារព្រហ្មទណ្ឌនោះទេ។

លោក ផែង វណ្ណៈ បន្តថា ចំពោះការសម្រេចរបស់នាយករដ្ឋមន្ត្រី ក៏មិនខុសដែរ ព្រោះសម្រេចតាមការស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

លោកអះអាងថា៖«មន្ត្រីនគរបាលច្រើនណាស់បានសើចចំអកចំពោះសំណើសុំតែងតាំងនេះ ដោយពួកគេខ្សឹបខ្សៀវគ្នាថា មន្ត្រីមានជំនាញចាស់ៗច្រើនណាស់មិនតែងតាំង បែរជាតែងតាំងមន្ត្រីគ្មានជំនាញទៅវិញ»។

លោក ផែង វណ្ណៈ បន្ថែមថា៖«ខ្ញុំធ្លាប់ធ្វើការងារជានគរបាល តាំងពីឆ្នាំ១៩៨៨ ខ្ញុំឆ្លងវគ្គជំនាញ ទាំងសន្តិសុខ ទាំងព្រហ្មទណ្ឌ ជាច្រើនវគ្គសិក្សា ខ្ញុំមិនដែលបានជួប មិនដែលបានស្គាល់មន្ត្រីនគរបាលឈ្មោះ យ៉ាំ សីងម៉ៅ រូបនេះសោះ»។

ទំព័រហ្វេសប៊ុកដដែល បានសរសេរទៀតថា នាយកដ្ឋានកណ្តាល នគរបាលយុត្តិធម៌ មាននាយកដ្ឋានជំនាញ ក្រោមចំណុះ រួមមាន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស នាយកដ្ឋានព្រហ្មទណ្ឌបច្ចេកទេស វិទ្យាសាស្រ្ត មន្ទីរប្រឆាំងគ្រឿងញៀន នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច។ ការគ្រប់គ្រង និងដឹកនាំបញ្ជានាយកដ្ឋានជំនាញទាំង៥នេះ ទាមទារឳ្យមន្ត្រីមានបទពិសោធន៍ មានសមត្ថភាព មានជំនាញច្បាស់លាស់ ទើបអាចដឹកនាំបាន។

ជុំវិញប្រតិកម្ម និងការបកស្រាយរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ ទៅនឹងការរិះគន់ និងការចោទប្រកាន់ក្នុងការតែងតាំងបុគ្គល ដែលសង្ស័យថា ពាក់ព័ន្ធនឹងការនាំចិនខុសច្បាប់ចូលកម្ពុជានេះ លោក អ៊ុ សំអាន ជំរុញឳ្យក្រសួងមហាផ្ទៃ បើកការស៊ើបអង្កេតលើលោក យ៉ាំ សីងម៉ៅ ដែលមានការសង្ស័យនេះ។

លោក អ៊ុ សំអាន និយាយ នាថ្ងៃទី២៤ មីនា ថា៖«ក្រសួងមហាផ្ទៃ មុននឹងប្រតិកម្មចំពោះខ្ញុំ គួរតែស៊ើបអង្កេតស្រាវជ្រាបរឿងហ្នឹង តើជាការពិតទេ ដែលលោកយ៉ាំ សីងម៉ៅ ហ្នឹងនាំចូលជនជាតិចិនខុសច្បាប់មកកម្ពុជា។ ជាពិសេសចូលមកក្រុងព្រះសីហនុហ្នឹង»។

លោកថា៖«អាហ្នឹង គាត់អាចស៊ើបអង្កេតទៅ ពិតមិនពិត អាហ្នឹងគាត់ដឹងហើយ ព្រោះមានអ្នកផ្តល់ព័ត៌មានឳ្យខ្ញុំ។ ខ្ញុំមានភស្តុតាងដែលអ្នកហ្នឹងធ្វើការនៅក្រសួងមហាផ្ទៃ។ ប៉ុន្តែខ្ញុំមិនអាចបញ្ចេញឈ្មោះ និងឯកសាររបស់គេបានទេ ព្រោះគេសុំឳ្យលាក់ជាការសម្ងាត់»។

ពាក់ព័ន្ធការបង្ហោះរឿងលោក យ៉ាំ សីងម៉ៅ ហើយលុបចោលវិញនោះ លោក អ៊ុ សំអាន បញ្ជាក់ថា លោកលុបចោលវិញ ដោយសារមានការស្នើ របស់បុគ្គលម្នាក់ ដែលគេរាប់អានជាមួយបងរបស់លោក យ៉ាំ ស៊ីងម៉ៅ ហើយបានស្នើសុំឳ្យលោកលុបចោលវិញ។ បុគ្គលនោះថា ករណីនេះ មានការកុងកាច់គ្នា អ៊ីចឹងហើយ ក៏មានការផ្តល់ព័ត៌មាន និយាយពីលោក យ៉ាំ សីងម៉ៅ បែបនេះ។

CNN នៅមិនទាន់អាចស្វែងរកការទាក់ទងលោក យ៉ាំ ស៊ីងម៉ៅ ដើម្បីឆ្លើយតបការរិះគន់ និងចោទប្រកាន់មកលើរូបលោក បាននៅឡើយទេ មកដល់ថ្ងៃទី២៤ ខែមីនា នេះ៕

Leave A Reply

Your email address will not be published.