អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថា មន្ត្រីនគរបាល ដែលរុញដើមទ្រូងនគរបាលជានារី ត្រូវទទួលការពិន័យហើយ អាចប្រឈមលើសពីការពិន័យទៀត
មន្ត្រីនគរបាលថ្នាក់អនុប្រធាននាយកដ្ឋានម្នាក់ ដែលមានជាតិអាល់កុលកម្រិតខ្ពស់ ហើយរុញដើមទ្រូងនគរបាលជានារី កាលពីយប់ថ្ងៃទី២១ មីនា នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នឹងត្រូវប្រឈមចំពោះការពិន័យតាមច្បាប់ និងអាច អនុវត្តលើស ពី ការពិន័យទៅទៀត ដោយរង់ចាំប្រមូលអង្គហេតុ និងធាតុផ្សំឳ្យមូលសិន ដើម្បីសម្រេចឳ្យបានត្រឹមត្រូវ។ នេះបើតាមមន្ត្រីនាំពាក្យ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកទូច សុខៈ បានប្រាប់ CNN នាថ្ងៃទី២២ មីនា ថា លោក យ៉ាន ប៊ុនថន ដែលជាមន្ត្រីនគរបាលថ្នាក់អនុប្រធាននាយកដ្ឋាន ដែលយកដៃរុញដើមទ្រូងនគរបាលជានារី មានជាតិអាល់កុល០,៥២មីលីក្រាមក្នុង១លីត្រខ្យល់។ កម្រិតនេះក្នុងច្បាប់ចរាចរណ៍មាត្រា ៧៧ថ្មី គឺត្រូវពិន័យអន្តរកាល តាមអនុក្រឹត្យស្តីពីការផាកពិន័យ។ ក្នុងមាត្រា១០ នៃអនុក្រឹត្យនោះត្រូវពិន័យចំពោះអ្នកបើកបរ ដែលមានជាតិអាល់កុលចាប់ពី ០,៤២មីលីក្រាមក្នុង១លីត្រខ្យល់ឡើងលើ អ្នកបើកបររថយន្តធុនស្រាលត្រូវពិន័យ២លានរៀល។
រឿងមួយទៀត លោក ទូច សុខៈ បញ្ជាក់ថា លោក យ៉ាន ប៊ុនថន មិនព្រមឳ្យសមត្ថកិច្ចនៅតាមគោលដៅពិនិត្យជាតិអាល់កុល ហើយឈានដល់ការប្រតាយប្រតប់ រហូតដល់ទៅរុញដើមទ្រូងនគរបាលនារី ដែលប៉ះពាល់ដល់សីលធម៌នារី។
លោកថ្លែងថា៖«ចំពោះការសម្រេចបែបណានោះ គឺទុកជូនថ្នាក់ដឹកនាំសម្រេចលើកិច្ចការងារហ្នឹង ពីព្រោះត្រូវការធ្វើកំណត់ហេតុ កសាងសំណុំរឿង និងពិនិត្យអង្គហេតុ អង្គច្បាប់ឳ្យបានស៊ីជម្រៅ ទើបធ្វើការសម្រេចចិត្ត»។
លោក ទូច សុខៈ បញ្ជាក់ថា៖«ប៉ុន្តែការពិន័យ គឺដឹងតែអនុវត្តហើយ ប៉ុន្តែគ្រាន់តែថា ការងារផ្សេងៗទៀតលើសពីការពិន័យ គឺត្រូវប្រមូលអង្គហេតុឳ្យមូល ធាតុផ្សំឳ្យមូល ពិនិត្យទៅលើច្បាប់ទម្លាប់ ដើម្បីធ្វើការសម្រេចចិត្តឳ្យបានត្រឹមត្រូវ»៕