ស្ពានបេតុងឆ្លងទៅកោះចំរើន នឹងលេចរូបរាងក្រោយហេតុការណ៍សិស្សលិចទូកស្លាប់១១នាក់កាលពីឆ្នាំ២០២២
បើយោងតាមផេកផ្លូវការ របស់រដ្ឋបាលខេត្តកណ្តាលបានឱ្យដឹងនៅថ្ងៃនេះថា គម្រោងស្ថាបនាស្ពានបេតុង ប្រវែង៣៥០ម៉ែត្រឆ្លងកាត់ឆ្ពោះទៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក នឹងកើតចេញជារូបរាង នាពេលឆាប់ៗខាងមុខនេះ ខណៈប្រជាពលរដ្ឋទន្ទឹងរង់ចាំ ជាយូរឆ្នាំ មកហើយ។
អភិបាលស្រុកលើកដែក លោក ចាប ច័ន្ទវិទ្យា បានឱ្យដឹងថា៖«ក្តីបំណងរបស់ពលរដ្ឋ បានមកដល់ហើយ អំពីគម្រោង ស្ថាបនាស្ពានបេតុងមួយកន្លែងឆ្លងកាត់ទៅកាន់ភូមិកោះចំរើន ដែលមានប្រវែង៣៥០ម៉ែត្រ ទទឹង៨ម៉ែត្រ ព្រមទាំងដាក់លូជ្រុង២ម៉ែត្រ ដោយប្រើប្រាស់ការសាងសង់ រយៈពេល២៤ខែ»។
លោកអភិបាលស្រុក ឱ្យដឹងទៀតថា៖«ជាង២ខែនេះ ក្រុមការងារជំនាញបានបោសសម្អាតគ្រាប់មីនមិនទាន់ផ្ទុះ និងកំពុងរៀបចំ ទីតាំងបើកការដ្ឋានឱ្យបានត្រឹមត្រូវ តាមបច្ចេកទេស នៅពេលឆាប់ៗខាងមុខ»។
គួររំឭកថា កាលពីខែតុលា ឆ្នាំ២០២២ មានក្មេង សិស្សានុសិស្សចំនួន១១នាក់ បានស្លាប់ដោយសារជួបឧបទ្ទវហេតុ លិចទូកដ ក្រោយពីពួកគេចេញពីសាលារៀនពេលល្ងាចជិះទូកដ ត្រឡប់មកផ្ទះវិញ ក៏ជួបឧបទ្ទវហេតុលិចទូកនៅពេលនោះ៕ រាជសី