Your Hot News in Hands

BREAKING NEWS

តុលាការសម្រេចឃុំខ្លួនមន្ត្រីគណបក្សកម្លាំងជាតិ ក្រោយចាប់ខ្លនពីបទញុះញង់ និងជេរប្រមាថ ដែលភាគីខាងចុងចោទថា ករណីនេះជារឿងនយោបាយ

98

លោក មី សេងហ៊ ហៅ គា វិសាល មន្ត្រីគណបក្សកម្លាំងជាតិ នៅខេត្តកំពង់ចាម ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនដាក់ពន្ធនាគារ PJ កាលពីម្សិលមិញ ក្រោយពីអាជ្ញាធររដ្ឋាភិបាល ចាប់ខ្លួនពាក់ព័ន្ធបទញុះញង់ និងជេរប្រមាថជាសាធារណៈ ខណៈដែលភាគីចុងចោទថា ការចាប់ខ្លួនលោក មី សេងហ៊ ក្នុងហេតុផលនយោបាយ។

លោកស្រី ញ៉េប សុខឿន ភរិយា លោក មី សេងហ៊ ហៅ គា វិសាល ប្រាប់ CNN នៅថ្ងៃទី១៩ ខែមីនា នេះថា ប្តីរបស់លោកស្រីត្រូវបាននាំខ្លួនមកតុលាការ នៅថ្ងៃទី១៨ ខែមីនា ប៉ុន្តែតុលាការបានសម្រេចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ PJ នៅល្ងាចថ្ងៃដដែល។ លោកស្រី ញ៉េប សុខឿន ដែលជាសមាជិកក្រុមប្រឹក្សាឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម និយាយថា ការចាប់ខ្លួន និងឃុំខ្លួនលោក មី សេងហ៊ កើតឡើងដោយសារហេតុផលផ្សេងៗ ប៉ុន្តែលោកស្រីសង្កត់ធ្ងន់លើហេតុផលនយោបាយច្រើនជាង។

លោកស្រីថ្លែងថា៖«ខ្ញុំមិនដឹងថា គាត់រាល់ថ្ងៃហ្នឹង គាត់ទៅធ្វើញុះញង់រឿងអីគេ។ គាត់មានបានទៅធ្វើអី ប្រមូលផ្តុំអី ដូចជាគ្មាន»។

លោកស្រីបញ្ជាក់ថា៖«សម្រាប់ខ្ញុំ [ការចាប់ខ្លួនគាត់] ខ្ញុំគិតថា មានតែហេតុផលម្យ៉ាងគត់ គឺនយោបាយហ្នឹងឯង»។
លោក មី សេងហ៊ ត្រូវបានអាជ្ញាធររដ្ឋាភិបាល ចាប់ខ្លួន កាលពីថ្ងៃទី១៥ ខែមីនា តាមដីកាបង្គាប់ឳ្យនាំខ្លួនរបស់លោក សេង ហៀង ព្រះរាជអាជ្ញារង នៃសាលាដំបូងរាជធានីភ្នំពេញ ដោយចោទពីបទញុះញង់ឳ្យមានការរើសអើង និងជេរប្រមាថជាសាធារណៈ។ ប៉ុន្តែគណបក្សកម្លាំងជាតិ ចាត់ទុកការចាប់ខ្លួនលោក មី សេងហ៊ ជាការបំភិតបំភ័យផ្នែកនយោបាយ។ គណបក្សកម្លាំងជាតិ ក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចាប់ខ្លួននេះ។

ទោះយ៉ាងណា លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច ថ្លែងថា លោក គា វិសាល ដែលត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ និងជេរប្រមាថ ហើយសម្រេចឃុំខ្លួននេះ គឺជាបទល្មើស ដែលលោក មី សេងហ៊ ហៅ គា វិសាល បានប្រព្រឹត្ត គឺមិនមែនចាប់ក្នុងហេតុផលនយោបាយឡើយ។ លោកបន្តថា បើនិយាយពាក់ព័ន្ធនឹងរឿងនយោបាយ គឺអ្នកនយោបាយល្មើសច្បាប់។

លោក សុខ ឥសាន ថ្លែងថា៖«ព្រោះលោក គា វិសាល ខ្ញុំស្គាល់គាត់យូរហើយ តាមរយៈឆ្លើយឆ្លងគ្នាតាម Radio។ គាត់ហ្នឹងជ្រុលនិយម ព្រោះគាត់ដើរតាមដោយងងឹតងងុលជាមួយទណ្ឌិត សម រង្ស៊ី»។

លោកបញ្ជាក់ថា៖«អ៊ីចឹង ការចោទប្រកាន់នេះ គេហៅថា ពិរុទ្ធភាពរបស់គាត់មិនខុសទេ ដែលតុលាការចោទប្រកាន់ ព្រោះគាត់ច្រើនលើកច្រើនសាទៅហើយ»៕