មន្ត្រីនគរបាលផ្កាយ២ម្នាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងករណីឆបោកលុយជាង $ ៥ម៉ឺន រឿងរត់ការចូលក្របខ័ណ្ឌ
កម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួននាយនគរបាលថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២)ម្នាក់ មានតួនាទីជាអនុប្រធាននាយកដ្ឋាន ទទួលបន្ទុកការិយាល័យបច្ចេកទេស និងបង្ការអគ្គិភ័យ (ក២) នាថ្ងៃទី១៨ ខែមីនា ពាក់ព័ន្ធនឹងករណីឆបោកលុយជាង ៥ម៉ឺនដុល្លារអាមេរិក ក្នុងរឿងរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ។
មន្ត្រីនគរបាលជាន់ខ្ពស់ ដែលពាក់ព័ន្ធនឹងករណីឆបោកលុយនេះ ឈ្មោះ អេង សាវឿន អាយុ៥៤ឆ្នាំ។ ការចាប់ខ្លួនមន្ត្រីរូបនេះ អនុវត្តតាមដីកាបង្គាប់ឳ្យនាំខ្លួន ដោយលោក ហម ម៉េងសែ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ។
លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា៖«ការងារនេះយើងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់»៕