Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

អាជ្ញាធររដ្ឋាភិបាលអះអាងថា ការចាប់ខ្លួនសកម្មជនគណបក្សកម្លាំងជាតិ ពាក់ព័ន្ធនឹងបទល្មើសញុះញង់ និងជេរប្រមាថ ខណៈបក្សនេះថា ជាការបំភិតបំភ័យផ្នែកនយោបាយ

0

 

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាងថា ការចាប់ខ្លួនលោក មី សេងហ៊ (គា វិសាល) អាយុ៥៩ឆ្នាំ ដែលជាអនុប្រធានបណ្តោះអាសន្នគណបក្សកម្លាំងជាតិ នៅខេត្តកំពង់ចាម កាលពីថ្ងៃទី១៥ មីនា គឺជាការអនុវត្តតាមវិធានការច្បាប់ ដែលជនសង្ស័យបានប្រព្រឹត្ត ពីបទញុះញង់ឱ្យមានការរើសអើង និងជេរប្រមាថជាសាធារណៈ។

សេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី១៦ ខែមីនា នេះ បញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលពាក្យបណ្តឹងពីឈ្មោះ ម៉ៃ ហុងស្រៀង ប្តឹងម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Kea Visal មានឈ្មោះ មី សេងហ៊ (ហៅ គា វិសាល) ភេទប្រុស មុខរបរ អនុប្រធានបណ្តោះអាសន្នគណបក្សកម្លាំងជាតិ ខេត្តកំពង់ចាម អាសយដ្ឋាននៅផ្លូវបេតុង ភូមិកោះប៉ែន ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចជំនាញ ក៏បានធ្វើការស្រាវជ្រាវ ប្រមូលភស្តុតាងព័ត៌មានជាក់លាក់ គឺពីបទញុះញង់បង្កឱ្យមានការរើសអើង និងជេរប្រមាថជាសាធារណៈ។ ពេលនោះសមត្ថកិច្ចបានរាយការណ៍ និងសុំគោលការណ៍ពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ដោយទទួលបានការអនុញ្ញាតពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកក៏បានចេញដីកាបញ្ជាឱ្យចូលខ្លួនពាក់ព័ន្ធនឹងសំណុំរឿងញុះញង់បង្កឱ្យមានការរើសអើង និងជេរប្រមាថជាសាធារណៈ នៅថ្ងៃទី១៥ ខែមីនា ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនឈ្មោះ មី សេងហ៊ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ចាត់ការតាមនីតិវិធី។

ប្រភពខាងលើបញ្ជាក់ថា៖«ការឃាត់ខ្លួននេះ គឺសមត្ថកិច្ចអនុវត្តតាមវិធានការច្បាប់ ដោយពុំមានហេតុផលអ្វីផ្សេងពាក់ព័ន្ធដល់គំរាមកំហែង ឬបំភិតបំភ័យ ដល់សកម្មជនគណបក្សនយោបាយណាមួយឡើយ»។

ប៉ុន្តែគណបក្សកម្លាំងជាតិ ចាត់ទុកការចាប់មន្ត្រីរបស់ខ្លួន ជាការបំភិតបំភ័យផ្នែកនយោបាយ។ គណបក្ស ក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចាប់ខ្លួនលោក មី សេងហ៊ អនុប្រធានក្រុមការងារបណ្តោះអាសន្នគណបក្សកម្លាំងជាតិ ខេត្តកំពង់ចាម និងបេក្ខជនពេញសិទ្ធិឈរឈ្មោះលេខរៀងទី១ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ ឆ្នាំ២០២៤។

សេចក្តីថ្លែងការណ៍របស់បក្សកម្លាំងជាតិ បញ្ជាក់ថា៖«គណបក្សកម្លាំងជាតិយល់ឃើញថា ការចាប់ខ្លួនលោក មី សេងហ៊ ហៅ គា វិសាល កាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម គឺជារូបភាពបំភិតបំភ័យ និងបង្កបរិយាកាសនយោបាយអាប់អួ ក្នុងដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤»។

គណបក្សកម្លាំងជាតិ ក៏បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ដោះលែងលោក មី សេងហ៊ ហៅ គា វិសាល ឳ្យមានសេរីភាពឡើងវិញ ដើម្បីធានាដំណើរការបរិយាកាសនយោបាយល្អប្រសើរ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤។

លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ ថ្លែងថា រាល់អ្នកនយោបាយ អ្នកធ្វើការសង្គម និងសកម្មជន ដែលឈឺឆ្អាលនឹងបញ្ហាធនធានធម្មជាតិ ពាក់ព័ន្ធនឹងចំណុចរសើបត្រូវបានរដ្ឋាភិបាល ដាក់ការត្រួតពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ និងត្រូវរងគ្រោះដោយសារបទញុះញង់ ហើយបទញុះញង់នេះ គឺជាបទល្មើសពិបាកកំណត់និយមន័យឳ្យបានច្បាស់។

លោក សេក សុជាតិ បញ្ជាក់ថា៖«បញ្ហានេះវាបានជំរុញឱ្យកម្ពុជាមានបញ្ហាច្រើនក្នុងសង្គមយើង ក៏ដូចជាប្រឈមមុខចំពោះសហគមន៍អន្តរជាតិផងដែរ។ ដូចយើងដឹងហើយថា ចុងក្រោយហ្នឹង ដោយសារការរឹតត្បិតខ្លាំងរបស់រដ្ឋាភិបាលទៅលើសកម្មជនសង្គម បានរុញឱ្យកម្ពុជាធ្លាក់ចំណាត់ថ្នាក់កាន់តែអាក្រក់ទៅៗ នៅលើឆាកអន្តរជាតិ ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស»៕

Leave A Reply

Your email address will not be published.