អ្នកជំនាញកិច្ចការព្រំដែន នឹងយកផែនទីឧបសម្ព័ន្ធ រវាងកម្ពុជា និងថៃ ទៅផ្សព្វផ្សាយជូនពលរដ្ឋខ្មែរឱ្យបានស្គាល់ និងប្រគល់ឱ្យមេធាវីអន្តរជាតិ ភ្ជាប់ជាមួយពាក្យបណ្តឹង ទៅ ICJ
លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រ នៃគណបក្សសង្គ្រោះជាតិ ដែលមានជំនាញលើកិច្ចការព្រំដែន ឱ្យដឹងថា ផែនទីឧបសម្ពន្ធ័ ភ្ជាប់សន្ធិសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ រវាងកម្ពុជា និងថៃ ដែលតម្កល់នៅបណ្ណាល័យសភាអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតុនសហរដ្ឋអាមេរិក ត្រូវបានថតចម្លងរួចហើយ នៅថ្ងៃទី២១ ខែវិច្ឆិកា។ លោកនឹងយកផែនទីនេះ ទៅជូនមេធាវីអន្តរជាតិ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា ដើម្បីភ្ជាប់ផែនទីទាំងនោះជាមួយនឹងពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
បើតាម លោក អ៊ុំ សំអាន ដែលកាន់តួនាទីជាប្រធានស្ថាប័នអធិបតេយ្យជាតិ ព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោកនឹងសម្រេចត្រូវផ្សព្វផ្សាយផែនទីទាំងនោះឱ្យកូនខ្មែរបានដឹង។ លោកថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត មិនដែលបង្ហាញផែនទីទាំងនោះឱ្យកូនខ្មែរបានដឹងទេ៕





