ជំនួបទ្វេភាគី រវាង លោក ហ៊ុន ម៉ាណែត និងលោក Anutin នៅតែលើកពីការគោរពបទឈប់បាញ់ មិននិយាយពីការរើបន្លាលួស ខណៈភាគីថៃនៅតែទទូចឱ្យកម្ពុជាអនុវត្តលក្ខខណ្ឌ ៤ចំណុច
ជំនួបទ្វេភាគី រវាងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul នាថ្ងៃទី២៨ តុលា នៅទីក្រុងគូឡាឡាំពួរ ជាលទ្ធផល គឺភាគីទាំងពីរមិនបាននិយាយដល់ការរុះរើបន្លាលួសចេញពីតំបន់ជម្លោះនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឬក៏បង្ហាញពីការបញ្ឈប់ការឈូសឆាយនៅតំបន់ជម្លោះនោះទេ ប៉ុន្តែភាគីទាំងពីរលើកតែពីការជំរុញឱ្យមានការគោរពបទឈប់បាញ់ និងធ្វើការជិតស្និទ្ធនឹងគ្នា។ ទោះយ៉ាងណាភាគីកម្ពុជាក៏បានរំឭកឱ្យភាគីថៃដោះលែងទាហានខ្មែរទាំង១៨នាក់ជាបន្ទាន់ ខណៈភាគីថៃនៅតែទទូចឱ្យកម្ពុជាអនុវត្តលក្ខខណ្ឌ ៤ ដែលបានព្រមព្រៀងគ្នា គឺ ការដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន ការដោះមីននៅតំបន់ជម្លោះ ការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសបណ្តាញឆបោកតាមអ៊ីនធឺណិត និងការគ្រប់គ្រងតំបន់ព្រំដែន ដើម្បីធានាស្ថិរភាព និងកិច្ចសហប្រតិបត្តិការ។
តាមសេចក្តីប្រកាសព័ត៌មាននារសៀលថ្ងៃទី២៨ ខែតុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីថា ប្រទេសទាំងពីរត្រូវតែបន្តធ្វើការជិតស្និទ្ធជាមួយគា្ន ដើម្បីធានាថា ប្រជាជននៃប្រទេសទាំងពីរអាចរួមរស់ជាមួយគ្នាប្រកបដោយសន្តិភាព សុខដុមមនា និងវិបុលភាពរួមគ្នា សម្រាប់ជំនាន់ក្រោយៗទៀត៕
