Hot News Always

ចាប់ទៀតហើយ លើកនេះបុគ្គលិធនាគារ ចោទពីបទញុះញង់ និងប្រមាថមន្ត្រីរាជការ ពាក់ព័ន្ធនឹងការបញ្ចេញ​មតិលើបណ្តាញសង្គម

5

 

 

អាជ្ញាធររដ្ឋាភិបាល បានចាប់បុគ្គលិកធនាគារម្នាក់ ដោយចោទពីបទញុះញង់ និងប្រមាថមន្ត្រីរាជការ ដែលពាក់ព័ន្ធនឹងការបញ្ចេញមតិលើបណ្តាញសង្គម។ លោក សាន ចាន់សី អាយុ ៣៤ឆ្នាំ ជាបុគ្គលិកធនា​គារ និងជាអ្នកបញ្ចេញមតិតាមបណ្តាញសង្គមម្នាក់ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ នៅខណៈដែលលោកកំពុងធ្វើដំណើរពីផ្ទះរបស់លោក ក្នុងស្រុកស្រីស្នំ ឆ្ពោះទៅក្រុងសៀមរាប

បើតាមអង្គការការពារសិទ្ធិមនុស្ស (លីកាដូ) រយៈពេល ២ថ្ងៃក្រោយមក នៅថ្ងៃអង្គារទី២១ ខែតុលា លោកត្រូវបានអាជ្ញាធរបញ្ជូនខ្លួនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីសាកសួរបន្ត ។ នៅថ្ងៃដដែលនោះ លោក សាន ចាន់សី ត្រូវបានតុលាការខេត្តសៀមរាប ចោទប្រកាន់ពីបទ ញុះញង់ឱ្យមានការរើសអើង និងប្រមាថចំពោះអ្នករាជការសាធារណៈ ដោយយោងតាមមាត្រា ៤៩៦ និង៥០២ នៃក្រមព្រហ្មទណ្ឌ មុនពេលលោកត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ ខេត្តសៀមរាប ។

ការចាប់ខ្លួន និងការចោទប្រកាន់នេះ ត្រូវបានធ្វើឡើង ក្រោយពេល ដែលលោក ចានសី បានបញ្ចេញមតិលើបណ្តាញសង្គម។ ប្រសិនបើលោកត្រូវបានតុលាការផ្តន្ទាទោស នោះលោកនឹងត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ៣ ឆ្នាំ។

គួរបញ្ជាក់ថា នៅមុនមួយសប្តាហ៍ មគ្គទេសក៍ទេសចរមួយរូប គឺ លោក ពិន ប៉ូច ក៏ត្រូវបានអាជ្ញាធរចាប់ខ្លួន ដោយចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ន ក្នុងពន្ធនាគារខេត្តសៀមរាប ពីបទ រួមគំនិតក្បត់ ពាក់ព័ន្ធនឹងការបញ្ចេញមតិរបស់លោកលើបណ្តាញសង្គមផងដែរ ៕