Hot News Always

កម្ពុជាទំនងជាទទួលយកលក្ខខណ្ឌ ៤ចំណុច របស់ថៃ ដែលតម្រូវឱ្យភាគីកម្ពុជាអនុវត្ត ដើម្បីបានសន្តិភាព និងការដោះលែងទាហានខ្មែរ១៨នាក់

14

 

លក្ខខណ្ឌ ៤ចំណុចរបស់ថៃ ដែលតម្រូវឱ្យកម្ពុជាអនុវត្ត បើចង់បានសន្តិភាព និងការដោះលែងទាហានខ្មែរ ១៨រូបត្រឡប់មកវិញនោះ ទំនងជាកម្ពុជាអនុវត្តតាម ព្រោះវាហាក់ដូចស្របនឹងការលើកឡើងរបស់លោក ទៀ សីហា រដ្ឋមន្ត្រីការពារជាតិ ដែលថា ភាគីទាំងពីរគោរពតាមកិច្ចព្រមព្រៀងកន្លងមក ជាពិសេសការកែសម្រួលយុទ្ធោបករណ៍យោធាធុនធ្ងន់ ការដោះមីន និងកិច្ចសហប្រតិបត្តិការ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែន ការឆបោកតាមអនឡា។

ទំព័រហ្វេសប៊ុករបស់ប្រមុខការពារជាតិ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា នៅថ្ងៃទី២២ តុលា បញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ(GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី កម្ពុជារំពឹងយ៉ាងមុតមាំថា ភាគីទាំងពីរនឹងអាចពិភាក្សាគ្នាក្នុងបរិយាកាសមិត្តភាព ការស្ថាបនា ប្រកបដោយសុច្ឆន្ទៈខ្ពស់លើបញ្ហាអាទិភាពទាំងឡាយ ដោយគោរពយ៉ាងខ្ជាប់ខ្ជួនតាមស្មារតី នៃកិច្ចព្រមព្រៀង ដែលភាគីទាំងពីរសម្រេចកន្លងមក ជាពិសេសពាក់ព័ន្ធនឹងការកែសម្រួលនូវយុទ្ធោបករណ៍និងសម្ភារយោធាធុនធ្ងន់ ដែលត្រូវអនុវត្តនៅក្រោមការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។

ពីរចំណុចទៀត ការដោះមីនមនុស្សធម៌ កិច្ចសហប្រតិបត្តិការ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនរួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សង្ឃឹមថា កិច្ចពិភាក្សានឹងទទួលបានលទ្ធផលជាវិជ្ជមាន។ ក្នុងន័យនេះ កម្ពុជាជឿជាក់ថា កិច្ចប្រជុំពិសេសលើកទី២ នៃ GBC នឹងទទួលបានលទ្ធផលជាផ្លែផ្កា និងរួមចំណែកទៅដល់ការលើកកម្ពស់សន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស។

ដូច្នេះ បើយោងតាមសំណេរលើទំព័រហ្វេសប៊ុកលោក ទៀ សីហា ខាងលើ កម្ពុជាហាក់ដូចជាទទួលយកលក្ខខណ្ឌ ៤ចំណុច របស់ភាគីថៃ ដែលតម្រូវឱ្យកម្ពុជាអនុវត្ត ប្រសិនបើចង់បានសន្តិភាព និងការដោះលែងទាហានខ្មែរ ១៨រូប ដែលត្រូវបានទាហានថៃ ចាប់ដោយខុសច្បាប់ ត្រឡប់មកវិញ។ លក្ខខណ្ឌ៤ចំណុចនោះ រួមមាន ការដកអាវុធធ្ងន់ធ្ងន់ចេញពីព្រំដែន ការបោសសម្អាតគ្រាប់មីន ការរួមគ្នាបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និងការដោះស្រាយបញ្ហាទន្ទ្រានព្រំដែន៕