លោក ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា ព្រលានយន្តពោធិ៍ចិនតុង នឹងទុកធ្វើជាពីសបម្រុងសម្រាប់ចុះចតនៅពេលណាមួយ និងទុកធ្វើជាកន្លែងសួនច្បារកម្សាន្ត ដោយគ្មានការលក់ដូរទេ
ជាថ្មីម្តងទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់អតីតអាកាសយានដ្ឋាអន្តរជាតិភ្នំពេញ ឬពោធិ៍ចិនតុង នឹងមិនត្រូវលក់ដូរទៅឱ្យក្រុមហ៊ុនឯកជនណាមួយឡើយ ដោយរក្សាទុកធ្វើជាពីសត្រៀមបម្រុងសម្រាប់យន្តហោះផ្សេងៗចុះចតនៅពេលណាមួយ ដែលអាចកើតឡើង។ ម្យ៉ាងទៀតទីតាំងព្រលានយន្តហោះចាស់ពោធិ៍ចិនតុងនេះ ក៏ទុកសម្រាប់ការអភិវឌ្ឍទៅជាកន្លែងកម្សាន្ត និងដើរហាត់ប្រាណរបស់ប្រជាពលរដ្ឋ។
ថ្លែងក្នុងពិធីសម្ពោធអាកាសយានដ្ឋានមរតកតេជោ នៅខេត្តកណ្តាល នាព្រឹកថ្ងៃទី២០ តុលា លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា៖«ព្រលានចាស់អត់លក់ទៅណាទេ នៅជាអចលនទ្រព្យរបស់រដ្ឋ អត់មានផែនការលក់ទៅណាទេ មានការលើកជាយោបល់ ការស្នើសុំគំនិតអភិវឌ្ឍផ្សេងៗ តែខ្ញុំមិនទទួល»។


