ប្រមុខការពារជាតថៃ ព្រមានថា បើកិច្ចប្រជុំ GBC-JBC មិនជោគជ័យ នាយករដ្ឋមន្ត្រី នឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទេ តែប្រមុខការទូតថៃ មានសុទិដ្ឋិយមលើកិច្ចប្រជុំនេះ
រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Natthaphon Narkphanit នៅថ្ងៃអង្គារនេះបានបញ្ជាក់ទៅកម្ពុជាថា ប្រសិនបើកិច្ចប្រជុំ GBC-JBC មិនជោគជ័យ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul នឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទេជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នៅប្រទេសម៉ាឡេស៊ី ក្រោមអធិបតីប្រធានាធិបតីអាមេរិក លោក Donald Trump នោះទេ ហើយក៏បានប្រកាសថានឹងមិនមានកិច្ចប្រជុំទៀតទេ នំាឱ្យខាតលុយអ្នកបង់ពន្ធឥតប្រយោជន៍។
ទោះយ៉ាងណា រដ្ឋមន្ត្រីការបរទេសថៃ លោក Seehasak Phuangketkaew សម្តែងនូវសុទិដ្ឋិនិយមលើកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅថៃ-កម្ពុជា (GBC) និងគណៈកម្មការព្រំដែនចម្រុះ (JBC) ដោយថា លោកនៅតែមានទំនុកចិត្តថាពួកគេនឹងផ្តល់លទ្ធផល ទោះបីជានាយឧត្តមសេនីយ៍Natthapon Nakpanit រដ្ឋមន្ត្រីក្រសួងការពារជាតិបញ្ជាក់ថា ប្រសិនបើគ្មានលទ្ធផល នឹងមិនមានកិច្ចប្រជុំទៀតទេក៏ដោយ។
លោកបញ្ជាក់ថា”ទាក់ទងនឹងកិច្ចប្រជុំ GBC អំពីបញ្ហាដែលត្រូវចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលពាក់ព័ន្ធនឹងសេចក្តីថ្លែងការណ៍ ដោយផ្អែកលើការពិភាក្សារបស់យើង ខ្ញុំជឿថា យើងនឹងអាចបង្កើតផែនការការងារលម្អិត។ ការពិតគឺភាគីទាំងពីរអាចពិភាក្សា និងឈានដល់កិច្ចព្រមព្រៀង”។ ប្រភព៖ Khaosod ផ្សាយនារសៀលថ្ងៃទី២១ ខែតុលា


