ទាហានថៃ ចូលឈ្លានពាននៅភូមិព្រៃចាន់ ឃុំអូរបីជាន់ របស់កម្ពុជាទៀតហើយ ក្រោយប៉ុន្មានម៉ោង ដែលមេដឹកនាំកម្ពុជាប្រកាសជាថ្មី នៅរក្សាជំហរអត់ធ្មត់ ចង់ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
ទាហានថៃ បានចូលមកឈ្លានពានក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យទៀតហើយ នៅថ្ងៃទី១០ ខែតុលា នេះ ក្រោយពីរដ្ឋាភិបាលកម្ពុជាប្រកាសសាជាថ្មីត្រឹមតែប៉ុន្មានម៉ោងមុន នៅថ្ងៃទី៩ ខែតុលា ដែលបញ្ជាក់ថា កម្ពុជានៅតែរក្សាជំហរអត់ធ្មត់ ចង់ដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តិវិធី ឈរលើយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ ដោយចាត់ទុកការប្រើប្រាស់កម្លាំងយោធាមិនអាចដោះស្រាយបញ្ហាព្រំដែនបាន។
រាជរដ្ឋាភិបាលកម្ពុជា ប្រាប់ភាគីថៃថា៖«ក្នុងន័យនេះហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់យកនូវការអត់ធ្មត់កម្រិតខ្ពស់បំផុតនៅចំពោះមុខសកម្មភាពរំលោភបំពាននានា ដែលភាគីថៃបាននិងកំពុងបង្កឡើងក្នុងអំឡុងពេលនៃការអនុវត្តបទឈប់បាញ់»។
