នាយករដ្ឋមន្ត្រីថៃ លោក Anutin បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការរក្សាអធិបតេយ្យភាពលើ Ban Nong Chan (ភូមិជោគជ័យនៃកម្ពុជា) និងថា កម្ពុជាត្រូវតែបំពេញលក្ខខណ្ឌចំនួន៤ ដើម្បីសន្តិភាព
នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានឱ្យដឹងនៅថ្ងៃទី៩ ខែតុលា ថា លោកបានពិភាក្សាជាមួយក្រសួងការបរទេសស្តីពីការត្រៀមលក្ខណៈ សម្រាប់កិច្ចពិភាក្សាជាមួយប្រទេសកម្ពុជា និងឆ្លើយតបទៅនឹងលិខិតរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ។ នេះបើតាមសារព័ត៌មានថៃ The Nation ផ្សាយនាល្ងាចថ្ងៃទី៩ ខែតុលា។
លោក Anutin បានថ្លែងអំណរគុណលោក Trump ចំពោះចេតនាដ៏ល្អរបស់គាត់ក្នុងការចង់ឃើញសន្តិភាពក្នុងតំបន់ ជាពិសេសនៅក្នុងជម្លោះ ដែលកំពុងបន្ត រវាងប្រទេសថៃ និងកម្ពុជា។ លោក Anutin បានបញ្ជាក់ជាថ្មីថា ប្រទេសថៃជឿជាក់លើសន្តិភាព និងរក្សាជំហររបស់ខ្លួនថា កម្ពុជាត្រូវតែបំពេញលក្ខខណ្ឌចំនួន៤ ដើម្បីជួយនាំមកនូវសន្តិភាព និងស្ថិរភាពនាពេលអនាគត។
លោក Anutin បានរំឭកឡើងវិញពីសារៈសំខាន់នៃការរំសាយអាវុធ ការបោសសម្អាគ្រាប់មីន ការគ្រប់គ្រងអ្នកបោកប្រាស់តាមអនឡាញ និងការគ្រប់គ្រងទឹកដី ក្រោមអធិបតេយ្យភាព របស់ប្រទេសថៃតាមច្បាប់។ លោកបញ្ជាក់ថា ទាំងនេះជាជំហររបស់រដ្ឋាភិបាលថៃ ហើយបានបញ្ជាក់ជាថ្មីថា អន្តរការីណាក៏ត្រូវគោរពលក្ខខណ្ឌទាំងនេះ។
ទោះយ៉ាងណា ភាគីកម្ពុជា តាមរយៈរដ្ឋបាលខេត្តបន្ទាយមានជ័យ បានផ្ញើលិខិតទៅភាគីថៃ កាលពីថ្ងៃទី៨ ខែតុលា តាមរយៈរដ្ឋបាលខេត្តស្រះកែវ ដែលបានតវ៉ាចំពោះការសាងសង់ជម្រកបណ្តោះអាសន្ន ឈូសឆាយតំបន់ជុំវិញ និងការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋខ្មែរ ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បញ្ជាក់ទៅអភិបាលខេត្តស្រះកែវ ថា ទីតាំងដែលរដ្ឋបាលខេត្តស្រះកែវ បានតវ៉ា គឺស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលទីតាំងខាងលើនេះប្រជាពលរដ្ឋកម្ពុជាបានរស់ នៅកាន់កាប់ និងប្រើប្រាស់អាស្រ័យផលជាយូរមកហើយ មុនការចូលជាធរមាននៃ MOU ឆ្នាំ២០០០។
លិខិតរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បញ្ជាក់ថា ជម្រកបណ្តោះអាសន្ននេះត្រូវបានធ្វើឡើងក្នុងគោលបំណងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយនៅក្នុងតំបន់នេះ ក្នុងពេលមានការប៉ះទង្គិចនាពេលកន្លងមក និងដើម្បីជាមធ្យោបាយការពារខ្លួនទប់ស្កាត់ឧបទ្ទវហេតុនានា។ ម្យ៉ាងទៀតសកម្មភាពប្រជាពលរដ្ឋខ្មែរប្រមូលផ្តុំនៅតំបន់ខាងលើ គឺធ្វើឡើងក្នុងគោលបំណងការពារដីធ្លី ស្រែចម្ការ និងទ្រព្យសម្បត្តិស្របច្បាប់របស់ពួកគាត់តែប៉ុណ្ណោះ។ ប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅក្នុងជម្រកបណ្តោះអាសន្នខាងលើនេះ គឺជាប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយផ្ទាល់ពីសកម្មភាពរាយលួសបន្លា សំណាញ់ខ្មៅ រនាំង និងដាក់កង់ឡាន ដែលនាំឱ្យពួកគាត់បាត់បង់ទីជម្រកអចិន្ត្រៃយ៍ និងធ្វើការភៀសខ្លួនមកស្នាក់នៅក្នុងទីតាំងខាងលើ៕

