លោក ហ៊ុន សែន ប្រតិកម្មទៅនឹងការប្រមាថពីសំណាក់ក្រុមជ្រុលនិយមថៃ ចំពោះការយករូបថតលោកទៅធ្វើជាផ្ទាំងបាញ់ស៊ីប ដោយលោកចាត់ទុកជាទង្វើអមនុស្ស និងអំពាវនាវពលរដ្ឋខ្មែរកុំទិញទំនិញថៃ
ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានប្រតិកម្មទៅនឹងវីដេអូមួយ ដែលមានរូបថតលោកត្រូវបានគេយកទៅធ្វើជាផ្ទាំងបាញ់ស៊ីប ដោយមានបុរសជនជាតិថៃក្នុងឯកសណ្ឋានប៉ូលិស បានប្រើកាំភ្លើងកែច្នៃបាញ់ច្រើនគ្រាប់ទៅលើរូបលោកត្រូវចំថ្ងាស។ លោក ហ៊ុន សែន ចាត់ទុកសកម្មភាពបែបនេះ ជាទង្វើអមនុស្ស និងអន់ជាងសត្វ ដោយលោកថា មិនថាវីដេអូនេះធ្វើដោយមនុស្សផ្ទាល់ ឬដោយ AI គឺសុទ្ធតែបង្ហាញនូវអំពើអាក្រក់ទាំងអស់ មិនថាជនជាតិណា ឬក្រុមណានោះទេ។
តាមសំណេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី៦ ខែតុលា នេះ លោក ហ៊ុន សែន បានលើកឡើងថា កន្លងមក បងប្អូនខ្មែរមួយចំនួន បានសុំមកលោក ដើម្បីធ្វើការតបត តាមរយៈយករូបថត ឬព្រះឆាយាល័ក្ខព្រះមហាក្សត្រថៃ មកដាក់ ហើយបាញ់យករង្វាន់ដូចជនជាតិថៃមួយចំនួនបាននិងកំពុងធ្វើ។
លោក ហ៊ុន សែន បញ្ជាក់ថា៖«ខ្ញុំបានប្រាប់ទៅវិញថា បើយល់ថា គេធ្វើបែបនេះជាការខុស សូមកុំប្រឡងយកខុសជាមួយគេធ្វើអី ព្រោះអំពើបែបនេះជាអំពើអមនុស្ស និងអន់ជាងសត្វទៅទៀត។ ខ្ញុំបានពន្យល់បន្ថែមថា ពួកគេធ្វើបែបនេះក្នុងគោលដៅធ្វើឱ្យខ្ញុំបាត់បង់ការអត់ធ្មត់ក្នុងពេលបទឈប់បាញ់ កំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ ឬយ៉ាងហោចណាស់ ញុះញង់ឱ្យកងទ័ព និងប្រជាជនយើងមួយចំនួន តបតតាមរបៀបបង្កអរិភាព»។
មេដឹកនាំកម្ពុជារូបនេះ ចោទសួរថា៖«នេះឬ ជាជនជាតិស៊ីវិល័យ មានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់? ខ្ញុំសូមអំពាវនាវជនរួមជាតិយើង សូមកុំយកព្រះឆាយាល័ក្ខព្រះមហាក្សត្រថៃ ឬរូបថតមេដឹកនាំថៃណាមួយមកធ្វើមិនគប្បីឱ្យសោះ។ ទោះជាប្រទេសយើងតូច ប្រជាជនយើងមានចំនួនតិច សេដ្ឋកិច្ចយើងទន់ខ្សោយ តែយើងកុំខ្សោយខាងសីលធម៌។ យើងត្រូវតែបន្តជាជាតិសាសន៍ថ្លៃថ្នូរមានសីលធម៌ខ្ពស់»។
លោក ហ៊ុន សែន ប្រាប់ពលរដ្ឋខ្មែរថា ប្រសិនបើឈឺចាប់ជាមួយថៃ មិនចូលចិត្តថៃ សូមកុំទិញទំនិញថៃមកប្រើប្រាស់ និងឈប់ប្រើប្រាស់ប្រាក់បាតថៃលើដីខ្មែរតទៅទៀត ដើម្បីពង្រឹងឯករាជ្យភាពខាងរូបិយវត្ថុ របស់ជាតិខ្មែរ។ សូមកុំធ្វើសកម្មភាពណាមួយប៉ះពាល់ដល់ក្រុមហ៊ុនថៃ និងប្រជាជនថៃ ដែលកំពុងរស់នៅធ្វើការរកស៊ីនៅកម្ពុជា។ បើតាមលោក ហ៊ុន សែន លោកនៅតែជឿថា ប្រជាជនថៃភាគច្រើនមិនចង់ធ្វើសត្រូវជាមួយប្រជាជនកម្ពុជានោះទេ។ មនុស្សមួយចំនួននៅថៃ រាប់ទាំងអ្នកដឹកនាំថៃខ្លះផង កំពុងវាយតម្លៃខុសពីសេដ្ឋកិច្ចកម្ពុជា ថាកំពុងជួបការលំបាកក្រោយពីថៃបិទព្រំដែនដោយខ្វះទំនិញប្រើប្រាស់។
មេដឹកនាំកម្ពុជារូបនេះបន្តថា៖«ខ្ញុំគួរតែអរគុណអ្នកដឹកនាំថៃម្ដងទៀត ដែលវាយក្បាលគេត្រូវក្បាលខ្លួនឯង ព្រោះកម្ពុជាធ្លាប់យកប្រាក់ក្នុងមួយឆ្នាំៗមិនតិចជាង៥ពាន់លានដុល្លារទៅទិញទំនិញថៃ ហើយបង្វិលលុយនេះមកទិញទំនិញក្នុងស្រុក ដែលធ្វើឱ្យទំនិញផលិតក្នុងស្រុកមានទីផ្សារ ដែលជាឱកាសពង្រឹងសេដ្ឋកិច្ចកម្ពុជា។ យើងមិនដែលបានទៅសុំទំនិញថៃមកលក់ក្នុងទីផ្សារយើងទេ គឺយកលុយទៅទិញ សូមអ្នកដឹកនាំថៃ កុំយល់ច្រឡំ និងប្រមាថកម្ពុជាបន្តទៀត។ យើងដឹងថា ពួកអ្នកជាអ្នកមានជាងកម្ពុជា តែអ្នកក៏ត្រូវយល់ថា យើងក៏បានយកលុយទៅទិញទំនិញថៃ ទើបធ្វើឱ្យប្រជាជនថៃមានទីផ្សាររកប្រាក់ចំណូល»៕



