Hot News Always

អ្នកជ្រុលពេកហើយ ថៃ! ប្រមាថមើលងាយលោក ហ៊ុន សែន ដែលជាមេដឹកនាំខ្មែរខ្លាំងណាស់ ដោយយករូបថតដាក់ធ្វើជាផ្ទាំងបាញ់ស៊ីប សូម្បីអ្នកប្រឆាំងនឹងរូបលោកក៏មិនអាចទទួលយកបានដែរ

5

 

ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ត្រូវបានសៀមប្រមាថមើលងាយយ៉ាងខ្លាំង ដោយបានយករូបថតរបស់លោកទៅដាក់ធ្វើជាផ្ទាំងស៊ីប ហើយយកកាំភ្លើងកែច្នៃបានញ់លេង ដែលទង្វើអសីលធម៌បែបនេះរបស់ថៃ សូម្បីអ្នកប្រឆាំងនឹងការដឹកនាំរបស់លោក ហ៊ុន សែន ក៏មិនអាចទទួលយកបានដែរ។

តាមរយៈវីដេអូមួយ ដែលត្រូវបានបង្ហោះលើគណនីហ្វេសប៊ុក ឈ្មោះ Mono Tep នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នៅឯទីតាំងដាក់បង្ហាញមួយ គេឃើញសមត្ថកិច្ចប៉ូលិសថៃ យកកាំភ្លើងកែច្នៃ បាញ់ទៅលើរូបថតរបស់លោក ហ៊ុន សែន ធ្វើជាល្បែងកម្សាន្តមើលទៅមានលក្ខណៈអាក្រក់មើលណាស់ ដែលជាការប្រមាថយ៉ាងធ្ងន់ធ្ងរ។ ម្ចាស់គណនី ឈ្មោះ Mono Tep បានសរសេរថា គ្មានសម័យណា ដែលបរទេសហ៊ានប្រមាថមើលងាយមេដឹកនាំខ្មែរដូចសម័យនេះទេ។

ម្ចាស់គណនីដដែល បានបញ្ជាក់ថា៖«ទោះខ្ញុំមិនគាំទ្រការដឹកនាំរបស់លោក ហ៊ុន សែន តែទង្វើនេះ ជាការប្រមាថជាតិសាសន៍ខ្មែរផងដែរ ! ពេលខ្មែរបែកបាក់គ្នា បរទេសមើលងាយ មេដឹកនាំខ្មែរគ្រប់ៗគ្នាបានដឹង តែមិនព្រមធ្វើការបង្រួបបង្រួមជាតិ ព្រោះខ្លាចបាត់បង់អំណាច»។

ម្ចាស់គណនី ឈ្មោះ Mono Tep ក៏បានចោទសួរថា តើលោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល នឹងប្រតិកម្មយ៉ាងណា?

លោក ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ប្រាប់សារព័ត៌មាន The Cambodia Now នៅព្រឹកថ្ងៃទី៦ ខែតុលា ថា សកម្មភាពប្រមាថមកលើថ្នាក់ដឹកនាំកម្ពុជាបែបនេះជារបស់ក្រុមជ្រុលនិយមថៃ ដែលទង្វើនេះមិនគួរកើតមានសម្រាប់ប្រទេសមួយដែលមានការរីកចម្រើននោះទេ។

លោក ជា ធីរិទ្ធ ថ្លែងថា៖«យើងគួរឱ្យអាណិតទៅវិញទេ នៅពេលឃើញភាពជ្រុលនិយមបែបនេះ ដែលមិនគួរកើតមានចំពោះប្រទេសជាតិមួយ ដែលយើងគិតថា មានការជឿនលឿន ប៉ុន្តែបែរជាមានជនជ្រុលនិយមធ្វើសកម្មភាពប្រមាថ ដែលមិនសមជាមនុស្សជាតិក្នុងសកម្មភាពជ្រុលនិយមបែបនេះ»៕