នាយឧត្តមសេនីយ៍ សៅ សុខា ថា បើនិយាយពីចំនួនសក្តិក្នុងជួរកងទ័ពនៅកម្ពុជា អាមេរិកសុំខ្មាស ហើយថា មិនគួរដំឡើងទៀតទេ
អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងកាលពីថ្ងៃទី៨ មីនា ថា ឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ក្នុងជួរកងទ័ពនៅកម្ពុជា មានចំនួនច្រើនពេក ហើយថា បើមិនចាំបាច់ មិនគួរដំឡើងសក្តិដល់នាយទាហានទៀតទេ។
ជាមួយគ្នានេះ អ្នកវិភាគជំរុញឱ្យមានការពិនិត្យឡើងវិញលើការលើកឡើងរបស់លោកសៅ សុខា ព្រោះរឿងនេះអាចជារឿងមិនប្រក្រតីក្នុងការដំឡើងឋានន្តរសក្តិនេះ។
លោកថ្លែងបែបនេះ ក្នុងឱកាស ដែលលោកចូលរួមជាអធិបតីក្នុងពិធីតែងតាំងមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ លោក សាក់ សារ៉ាង កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤។ លោកសៅ សុខា លើកឡើងថា ទាហានមានជាង២០០ ទៅ៣០០នាក់ ប៉ុន្តែពាក់សុទ្ធតែឧត្តមសេនីយ៍។ ការពិតឧត្តមសេនីយ៍ត្រីម្នាក់ ត្រូវមានទាហានតិចបំផុត ៣ ៧០០នាក់។
នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាក់ថា៖«ពី ១២ ០០០នាក់ ទៅ ១៦ ០០០នាក់ បានមានផ្កាយ២ មួយ។ ៥០ ០០០នាក់ បានមានផ្កាយ៣ មួយ។ ១០ម៉ឺននាក់ឡើងទៅ បានមានផ្កាយ៤ មួយ។ អាហ្នឹង បើនិយាយពីរឿងទ័ព»។
លោក សៅ សុខា ថ្លែងថា៖»ប៉ុន្តែយើងនៅទីនេះ បើនិយាយរឿងសក្តិ អាមេរិកាំងសុំខ្មាស»។ លោកបន្ថែមថា លោកងាកមើលទៅឃើញសុទ្ធតែសក្តិឱ្យព្រាត ហើយបើសក្តិច្រើនបែបនេះ ជាលុយវិញ មិនដឹងកងរាជអាវុធហត្ថមានលុយប៉ុនណាទេ។
ប៉ុន្តែលោកនិយាយថា ដោយសារកម្ពុជាបញ្ចប់សង្គ្រាម ដោយនយោបាយឈ្នះឈ្នះ ដូច្នេះហើយមិនមានលុយឱ្យទាហាន មានតែការដំឡើងសក្តិនេះហើយ ដើម្បីឱ្យទាហានសប្បាយចិត្ត។ លោកបន្ថែមថា ការដំឡើងសក្តិនេះ ប្រសិនបើមិនចាំបាច់ មិនគួរដំឡើងទេ ដំឡើងឱ្យតែអ្នកមានមុខការបានរៀនសូត្រទៅ។
លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ ថ្លែងថា ការលើកឡើងរបស់លោកសៅ សុខា ពិតជាត្រឹមត្រូវ ព្រោះឃើញថា ចំនួនឋានន្តរសក្តិឧត្តមសេនីយ៍នៅកម្ពុជា គឺមានចំនួនច្រើនលើសលប់ ហើយអ្នកទទួលបានឋានន្តរសក្តិជាឧត្តមសេនីយ៍ហ្នឹងភាគច្រើនមិនសូវមានការងារធ្វើទេ។ នេះគ្រាន់តែជាតំណែងមួយ ដើម្បីបង្ហាញថា ខ្លួនមានឋានៈធំ ប៉ុន្តែសមត្ថភាពមិនទាន់ឆ្លើយតប។
លោកសេក សុជាតិ បញ្ជាក់ថា៖«ការលើកឡើងរបស់ឯកឧត្តមសៅ សុខា គឺជារឿងមួយគួរតែពិនិត្យ និងពិចារណាសាឡើងវិញក្នុងការដំឡើងឋានន្តរសក្តិដល់មន្ត្រីកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ»។
លោកថ្លែងថា៖«ថ្នាក់ឧត្តមសេនីយ៍ច្រើនពេកទៅ យើងក៏មិនដឹងថា ឥទ្ធិពល នៃមេដឹកនាំថ្ងៃក្រោយទៅ នឹងទៅជាយ៉ាងម៉េចទេ ដោយសារតែមានអតិផរណាលើមុខតំណែងឧត្តមសេនីយ៍នេះខ្លាំង ក៏ដូចជាតំណែងជាន់ខ្ពស់នៅក្នុងរដ្ឋាភិបាលក៏ដូចគ្នាដែរ។ ដូច្នេះបញ្ហាទាំងអស់នេះ វាជាបញ្ហាមួយ ដែលយើងមើលឃើញពីភាពមិនប្រក្រតីក្នុងការទទួលបានឋានន្តរស័ក្តិជាឧត្តមសេនីយ៍»៕