មន្ត្រីរដ្ឋាភិបាលដែលធ្លាប់ធ្វើបក្សប្រឆាំងស្រួចស្រាល់ ថា ការប្រកាសបង្កើតចលនាតស៊ូ ទាមទារឱ្យមានការផ្លាស់ប្តូរមេដឹកនាំកម្ពុជា គឺជាចលនាទាល់ច្រក និងគ្មានឥទ្ធិពលអ្វីឡើយ
រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសន្តិភាពកម្ពុជា លោក សួន សេរីរដ្ឋា ដែលធ្លាប់ធ្វើមេបក្សប្រឆាំងស្រួចស្រាល់នឹងរដ្ឋាភិបាលដែរនោះ ចាត់ទុកការប្រកាសបង្កើតចលនាតស៊ូរបស់លោក សម រង្ស៊ី ដើម្បីផ្លាស់ប្តូរមេដឹកនាំកម្ពុជា គឺជាចលនាទាល់ច្រក និងមិនមានឥទ្ធិពលមកលើពលរដ្ឋឡើយ។
លោក សួន សេរីរដ្ឋា លើកឡើងបែបនេះ ក្រោយពីលោក សម រង្ស៊ី មេបក្សប្រឆាំងនៅក្រៅប្រទេស កាលពីថ្ងៃទី២៧ តុលា បានប្រកាសបង្កើតចលនាតស៊ូទាមទារឱ្យមានការផ្លាស់ប្តូរមេដឹកនាំកម្ពុជា គឺលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
លោក សួន សេរីរដ្ឋា ដែលត្រូវបានស្រង់សម្តី ដោយសារព័ត៌មានក្នុងស្រុកមួយ នាថ្ងៃទី២៨ តុលា ថ្លែងថា៖«នេះគឺជាការប្រកាសចលនាទាល់ច្រក ដែលវាអត់មានអ្វីមានប្រសិទ្ធភាព ឥទ្ធិពលមកលើសង្គមនយោបាយ ឬមកលើអារម្មណ៍របស់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅក្រោមម្លប់សន្តិភាពនេះទេ»។
លោកបន្តថា៖«ដូចយើងបានដឹងហើយ កន្លងមកបុគ្គលនេះ [លោក សម រង្ស៊ី] និងបក្ខពួកមួយដំបស្វារបស់ខ្លួនខិតខំណាស់ក្នុងការទាមទារធ្វើយ៉ាងម៉េចឱ្យអតីតគណបក្សសង្គ្រោះជាតិរបស់ខ្លួន ដែលបានងាប់ទៅនោះរស់ឡើងវិញ ប៉ុន្តែការពិត គឺវានៅតែការពិត ខ្មោចងាប់ហើយ គឺមិនអាចរស់ឡើងវិញបានទេ»។
នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី២៧ ខែតុលា លោក សម រង្ស៊ី អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ សរសេរថា៖«ចលនា ជាតិខ្មែរ តស៊ូ (បង្កើតឆាប់ៗខាងមុខនេះ) នឹងរៀបចំយុទ្ធសាស្ត្រ ដូចប្រជារាស្ត្រ ប្រទេសបង់ក្លាដែស ដែលបានតស៊ូទាមទារលទ្ធិប្រជាធិបតេយ្យប្រកបដោយជោគជ័យ ក្នុងខែសីហា ឆ្នាំ២០២៤នេះ»៕