Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃថា ការផ្សាយពីកម្ពុជាថា ជាប្រទេសខ្មៅងងឹត គឺជាការបង្កើតមាតិកា ដើម្បីលាបពណ៌ ចោទប្រកាន់ និងធ្វើឱ្យប៉ះពាល់ដល់ភាពស្អាតស្អំរបស់កម្ពុជា

0

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បញ្ជាក់ថា កម្ពុជា មិនមែនជាប្រទេសខ្មៅងងឹត ហើយក៏មិនមែនជាទីតាំងសុវត្ថិភាព សម្រាប់ក្រុមឧក្រិដ្ឋជនដែរ ដោយលោកចាត់ទុកការផ្សព្វផ្សាយលើបណ្តាញសង្គមទាំងអស់នោះថា ជាការបង្កើតមាតិកា ដើម្បីលាបពណ៌ ចោទប្រកាន់ បង្ខូចកេរ្តិ៍ឈ្មោះ និងធ្វើឱ្យប៉ះពាល់ដល់ភាពស្អាតស្អំរបស់កម្ពុជា។

នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ គណនីហ្វេសប៊ុក ឈ្មោះ កាមទេព លឹមហុង បានសរសេរថា ទូរទស្សន៍ និងកាសែតកូរ៉េ និងថៃ បានផ្សាយប្រាប់ពលរដ្ឋរបស់ខ្លួនមិនឱ្យចូលមកប្រទេសកម្ពុជា ដោយចោទថា ជាប្រទេសខ្មៅងងឹត។ នៅថ្ងៃនោះដែរ ក៏មានគណនីហ្វេសប៊ុក ឈ្មោះ Chhoeng Marady បានសរសេរដែរថា ទូរទស្សន៍ និងកាសែតកូរ៉េ បានផ្សាយប្រាប់ពលរដ្ឋរបស់ខ្លួនកុំឱ្យចូលមកប្រទេសកម្ពុជាដែរ ដោយចោទថា ជាប្រទេសខ្មៅងងឹត។

លោក ទូច សុឃៈ ប្រាប់ The Cambodia Now News(CNN) នៅថ្ងៃទី២៤ តុលា ថា៖«ខ្ញុំមិនមែនថា ក្នុងប្រទេសកម្ពុជាយើងស្អាតស្អំដូចផ្កានោះទេ ប៉ុន្តែបណ្តាប្រទេសផ្សេងៗដទៃទៀតក៏ដូចតែគ្នា ហើយប្រទេសមួយចំនួនទៀត គឺមានបញ្ហាទាំងអស់ហ្នឹងធ្ងន់ធ្ងរថែមទៀតផង»។

លោកបន្តថា៖«ក៏ប៉ុន្តែខ្ញុំសង្កេតឃើញថា ហាក់បីដូចជាមានសេណារីយោមួយក្នុងការបង្កើតនូវមាតិកាតាមសារពត៌មានក្រៅប្រទេសក្តី តាមអ្នកដែលមានប្រជាប្រិយភាពនៅតាមបណ្តាញសង្គមហ្នឹងក្តី ហូរហែទាំងអស់ហ្នឹង គឺថា បង្កើតនូវមាតិកាធ្វើឱ្យប៉ះពាល់ដល់ភាពស្អាតស្អំរបស់កម្ពុជា»។

លោក ទូច សុឃៈ ថា កម្ពុជាមានឆន្ទៈបោសសម្អាតអំពើអវិជ្ជមានទាំងអស់ ដោយសហការជាមួយបណ្តាប្រទេសផ្សេងៗ ដើម្បីអន្តរាគមន៍ ឬក៏បង្ក្រាបលើបទល្មើសទាំងអស់ ដែលកើតឡើង។ លោក ក៏បានលើកពីសកម្មភាពរបស់អាជ្ញាធររដ្ឋាភិបាល ចុះទៅត្រួតពិនិត្យនៅខេត្តស្វាយរៀង ខេត្តព្រះសីហនុ ខេត្តកោះកុង និងនៅតំបន់ទីប្រជុំជនមួយចំនួនទៀត ដើម្បីពិនិត្យមើលថា តើមានករណីប្រព្រឹត្តបទលើ្មស ឬទេ។ បើមានបញ្ហានៃជាតិសាសន៍ណាមួយ ស្ថានទូតរបស់គេតែងតែសហការជាមួយសមត្ថកិច្ចកម្ពុជា ដើម្បីស្រាវជ្រាវកំណត់មុខសញ្ញាទៅរំដោះ ឬក៏ទៅអន្តរាគមន៍ជួយ។ ការផ្សព្វផ្សាយតាមបណ្តាញសង្គម តាមសារព័ត៌មានមួយចំនួនខុសនីតិវិធី ដែលបានអនុវត្តរវាងទូត និងសមត្ថកិច្ចកម្ពុជា គឺមានចេតនាទុច្ចរិត ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជាក្នុងការទាញយកប្រយោជន៍អ្វីមួយ ដើម្បីថ្នូរនឹងលក្ខខណ្ឌ ដែលគេចង់បាន។

លោក ទូច សុឃៈ បញ្ជាក់ថា៖«សរុបមក គឺ កម្ពុជាមិនមែនជាប្រទេសខ្មៅងងឹត ដូចគេចោទប្រកាន់លាបពណ៌ទេ។ កម្ពុជាមិនមែនជាទីទួលសុវត្ថិភាព សម្រាប់ឧក្រិដ្ឋជនទេ កម្ពុជាមិនមែនជាជម្រកនៃឧក្រិដ្ឋជនទេ។ សូមកុំជឿជាក់ទៅលើអ្វី ដែលជាការផ្សព្វផ្សាយលាបពណ៌ខុសពីការពិតទាំងអស់ហ្នុង»៕

Leave A Reply

Your email address will not be published.