Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

មេបក្សប្រឆាំង លោកសម រង្ស៊ី ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវបានបំផ្លាញ ខណៈដែលប្រធានព្រឹទ្ធសភា និងប្រមុខរដ្ឋាភិបាល សម្តែងការអបអរសាទរខួប៣៣ឆ្នាំ នៃកិច្ចព្រមព្រៀងនេះ

0

ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នេះ គឺជាខួបទី៣៣ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ដែលនាំទៅដល់ការបញ្ចប់សង្គ្រាម និងសម្រេចបាននូវសន្តិភាព ប្រជាធិបតេយ្យ សម្រាប់កម្ពុជា។ ប៉ុន្តែមេបក្សប្រឆាំង លោកសម រង្ស៊ី ថា កិច្ចព្រមព្រៀងសន្តិភាពត្រូវបានបំផ្លាញ ខណៈដែលប្រធានព្រឹទ្ធសភា និងប្រមុខរដ្ឋាភិបាល អបអរសាទរពីគុណតម្លៃនៃកិច្ចព្រមព្រៀងសន្តិភាពនេះ។

ទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី នាថ្ងៃទី២៣ តុលា ឆ្នាំ២០២៤ បានសរសេរថា៖«ខណៈដែលកិច្ចព្រមព្រៀងនាំមកនូវក្តីសង្ឃឹម សម្រាប់កម្ពុជាប្រជាធិបតេយ្យ ជាលើកដំបូង កិច្ចព្រមព្រៀងនេះ ត្រូវបានបំផ្លាញ ខណៈដែលរបប លោក ហ៊ុន សែន បដិសេធមិនគោរពតាមលក្ខខណ្ឌបន្តិចម្តងៗ»។

លោក សម រង្ស៊ី អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា ប៉ុន្មានឆ្នាំក្រោយមកនេះ ប្រទេសកម្ពុជា បានឆ្ពោះទៅរករបបផ្តាច់ការ ដោយកាត់ផ្តាច់សេរីភាពនយោបាយ ការរំលោភសិទ្ធិមនុស្សកាន់តែរីករាលដាល។ គណបក្សប្រឆាំងត្រូវបានគាបសង្កត់ ហើយគោលការណ៍ប្រជាធិបតេយ្យភាគច្រើនដែលមានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានបោះបង់ចោល។

លោកសរសេរថា៖«ថ្ងៃនេះទី២៣ ខែតុលា ឆ្នាំ២០២៤ យើងប្រារព្ធខួបទី៣៣នៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស យើងទាមទារឱ្យមានការគោរពសិទ្ធិមនុស្ស និងប្រកាន់យកលទ្ធិប្រជាធិបតេយ្យ ដែលនឹងនាំមកនូវយុត្តិធម៌សម្រាប់ប្រជាជនខ្មែរយើងទាំងអស់គ្នា»។

ទន្ទឹមនឹងការលើកឡើងរបស់លោក សម រង្ស៊ី បែបនេះ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ក៏បានសម្តែងការអបអរសាទរខួបលើកទី៣៣នៃកិច្ចព្រមព្រៀងសន្តិភាពនេះដែរ។ ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន នាថ្ងៃទី២៣ តុលា ឆ្នាំ២០២៤នេះ បានសរសេរថា ៣៣ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជា រួមមាន សម្តេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ្វ៊ុនស៊ិនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និងក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)ផងដែរ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។

ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក៏បានអបអរសាទរ ខួបលើកទី៣៣ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះដែរ។ នៅលើទំព័រហ្វេសប៊ុក របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាថ្ងៃទី២៣ តុលា ឆ្នាំ២០២៤ ក៏បានលើកឡើងថា មហារដ្ឋបុរសមួយអង្គ និងមួយរូប បានពូនជ្រំ និងដឹកនាំកម្ពុជា ដោយកិច្ចចរចាសន្តិវិធី ក្នុងការបង្រួបបង្រួម និងផ្សះផ្សាជាតិពីការបែកបាក់ពហុភាគី មកជាធ្លុងមួយក្នុងស្មារតី ខ្មែរតែមួយ បុព្វហេតុតែមួយ ដែលនេះជាកាលានុវត្តភាព និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការស្តារ និងអភិវឌ្ឍជាតិឱ្យរីកចម្រើនគ្រប់វិស័យ។

ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា៖«សន្តិភាព គឺជាមូលដ្ឋានគ្រឹះ នៃសិទ្ធិសេរីភាពរបស់មនុស្សជាតិ និងសង្គម»៕

Leave A Reply

Your email address will not be published.