Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

អ្នកនាំពាក្យរដ្ឋាភិបាល ចាត់ទុក លោក ហ៊ុន សែន ជាតួអង្គសំខាន់ជាងគេក្នុងការស្វែងរកសន្តិភាពសម្រាប់កម្ពុជា ប៉ុន្តែអ្នកនយោបាយ និងមន្ត្រីសង្គមស៊ីវិលថា គ្រប់ភាគីចូលរួមគឺសំខាន់ស្មើគ្នា

0

អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា នៅថ្ងៃទី២១ តុលា បាន រំលេចតួអង្គប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ជាតួអង្គសំខាន់ជាងគេ ក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជា និងការសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារសី ២៣ តុលា ១៩៩១ ក្រោយពីជ័យជម្នះថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។ ប៉ុន្តែអ្នកនយោបាយ និងមន្ត្រីសង្គមស៊ីវិល ចាត់ទុកគ្រប់ភាគីដែលចូលរួមសុទ្ធតែតួអង្គដ៏សំខាន់ស្មើគ្នា។

ទោះយ៉ាងណា លោក ប៉ែន បូណា ក៏បានរំលេចតួអង្គអតីតព្រះមហាក្សត្រ នរោត្តម សីហនុ ដែលជាតួអង្គសំខាន់មួយដែរជាមួយលោក ហ៊ុន សែន ក្នុងការស្វែងរកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ១៩៩១។ លោកក៏បានលើកពីគុណតម្លៃនៃប្រទេសហត្ថលេខីទាំង១៨ប្រទេសផងដែរ ដែលបានជួយជ្រោមជ្រែង ក្នុងការបញ្ចប់សង្គ្រាម និងស្វែងរកសន្តិភាពនៅកម្ពុជា។

ក្នុងកិច្ចសម្ភាសន៍ ដែលធ្វើឡើង ដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា ថ្លែងថា៖«ប៉ុន្តែអ្វីដែលសំខាន់ហ្នឹង គឺថា ខ្ញុំចង់រំលេច គឺតួអង្គខ្មែរយើង ដែលជាអ្នកសម្រេច មានការប្តូរផ្តាច់ក្នុងការបញ្ចប់សង្គ្រាមស្វែងរកសន្តិភាព ផ្សះផ្សា បង្រួបបង្រួមជាតិ ហើយតួអង្គនោះសំខាន់ជាងគេ គឺសម្តេចតេជោ ពីព្រោះ ៧ មករា ១៩៧៩ គឺសម្តេចតេជោ។ ២៣ តុលា ១៩៩១ គឺតួអង្គសម្តេចតេជោ។ ២៩ ធ្នូ ១៩៩៨ ដែលយើងសម្រេចបានសន្តិភាពទាំងស្រុង តួអង្គសម្តេចតេជោ»។

លោកបញ្ជាក់ថា៖«ចាប់ពី[ឆ្នាំ១៩៩៨] មកដល់ ២០២៣ ដែលអភិវឌ្ឍន៍ប្រទេសជឿនលឿន ប្រែប្រួលទាំង ស្រុងដូចសព្វថ្ងៃ គឺតួអង្គសម្តេចតេជោ។ នេះគឺជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលអត់មានអ្នកណាអាចកាឡៃបាន ហើយក៏មិនអាចបំភ្លេចបានដែរ»។

ប៉ុន្តែប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា និងមន្ត្រីសង្គមស៊ីវិល លោក សេក សុជាតិ មើលឃើញស្រដៀងគ្នាពីការកើតឡើងនៃសមិទ្ធផលកិច្ចព្រមព្រៀងសន្តិភាព និងការបញ្ចប់សង្គ្រាមនៅកម្ពុជា។លោកសុវណ្ណារ៉ា និងលោកសុជាតិ មិនយល់ស្របនឹងការរំលេចនូវតួឯក សម្រាប់មេដឹកនាភាគីណាមួយទេ ក្នុងការបញ្ចប់សង្គ្រាម និងការនាំមកនូវសន្តិភាពសម្រាប់កម្ពុជា។ គ្រប់ភាគីចូលរួមចរចាស្វែងរកសន្តិភាព សុទ្ធតែតួអង្គសំខាន់ស្មើគ្នា។ បើមានតែបុគ្គល១រូប ឬ២រូបនោះ ក៏សមិទ្ធផលនៃកិច្ចសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ មិនអាចកើតឡើងបានដែរ។

លោក មាជ សុវណ្ណារ៉ា ប្រាប់ The Cambodia Now News (CNN) នៅថ្ងៃទី២២ តុលា ថា៖«ដោយសារតែមានការមូលមាត់គ្នា ហើយយល់អំពីការឱ្យលក្ខន្តិកៈគ្នា ដែលអាចទទួលបាននូវសម្បទានឱ្យគ្នាទៅវិញទៅមកហ្នឹងហើយ ដែលធ្វើឱ្យយើងមាន ២៣ តុលា ឆ្នាំ១៩៩១ ហើយមានរដ្ឋាភិបាលសេរីពហុបក្ស រៀបចំដោយអង្គការសហប្រជាជាតិ»។

លោកថ្លែងថា៖«អ៊ីចឹង ខ្ញុំថា វាជារឿងល្អ ដែលខ្មែរមានសន្តិភាពឡើងវិញ ប៉ុន្តែសន្តិភាពមិនបានពេញលេញក៏ពិតមែន តែក៏វាជាគ្រឹះសំខាន់ដែលស្វែងរកសន្តិភាពធ្វើឱ្យកម្ពុជាមានរបបសេរីពហុបក្ស បើទោះបីប្រជាធិបតេយ្យ សិទ្ធិសេរីភាពនៅគាបសង្កត់ពីភាគីណាមួយក៏ដោយ ឬបើចង់បំភ្លេចដានប្រវត្តិសាស្ត្រ គឺមិនអាចបំភ្លេចបានទេ យើងឱ្យតម្លៃគ្នា ស្មើមុខស្មើមាត់គ្នា»។

អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ថ្លែងថា៖«តួអង្គនីមួយៗ គឺមានសមិទ្ធផលស្មើៗគ្នា ដូច្នេះការរំលេចលើបុគ្គល១រូប ២រូប ក៏វាមិនទាន់គ្រប់គ្រាន់ដែរ បើសិនជាយើងពិចារណាទៅដល់ទិដ្នភាពរួមនៅពេលហ្នុង។ បើសិនជាមានតែ២រូប ឬក៏មានតែ១រូប ក៏មិនអាចបង្កើតឱ្យមានកិច្ចព្រមព្រៀងនេះកើតឡើងដែរ»។
លោកបន្តថា៖«សម្រាប់ខ្ញុំនៅតែផ្តល់តម្លៃស្មើៗគ្នាទៅដល់ថ្នាក់ដឹកនាំនៃចតុភាគីនិងប្រជាជាតិខ្មែរ ក៏ដូចជាសហគមន៍អន្តរជាតិ ដែលបានផ្តួចផ្តើមឱ្យមានកិច្ចព្រមព្រៀង និងបង្កើតនូវគោលការណ៍សន្តិភាព សម្រាប់កម្ពុជាទាំងមូល»៕

Leave A Reply

Your email address will not be published.