មតិខ្លះនៅតែលើកឡើងថា ការបោះពុម្ពធនបត្រថ្មីបន្ថែមច្រើននេះ ធ្វើឱ្យមានអតិផរណា និងអាចមកពីរដ្ឋាភិបាលជួបវិបត្តិសេដ្ឋកិច្ច ទោះបីមន្ត្រីអះអាងថា បោះពុម្ព ដើម្បីជំនួសក្រដាសចាស់ក្តី
អ្នកនយោបាយនិងអ្នកឃ្លាំមើលកម្ពុជា លើកឡើងថា ការបោះពុម្ពក្រដាសប្រាក់សន្លឹកធំរាប់ពាន់លានរៀលក្នុងស្ថានភាពសេដ្ឋកិច្ចប្រទសមិនសូវល្អបែបនេះ ធ្វើឱ្យមានអតិផរណាកាន់តែខ្លាំង ហើយរដ្ឋាភិបាលអាចជួបវិបត្តិសេដ្ឋកិច្ច។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់អះអាងថា ការបោះពុម្ពក្រដាសប្រាក់ប្រភេទ ២សែនរៀលបន្ថែមនេះ ដើម្បីអបអរខួប២០ឆ្នាំនៃការគ្រងរាជ្យសម្បត្តិរបស់ព្រះករុណា និងដើម្បីជំនួសក្រដាសប្រាក់ចាស់ ទក់។
ប្រធានគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន បានប្រាប់ The Cambodia Now News (CNN) នៅថ្ងៃទី១៧ ខែតុលា ថា ក្នុងស្ថានភាពសេដ្ឋកិច្ចបែបនេះ ការបោះពុម្ពលុយបន្ថែម តែងតែត្រូវទទួលបានការចោទប្រកាន់ ហើយជាទូទៅ បើកាលណាមានការបោះពុម្ពលុយបន្ថែម វាធ្វើឱ្យមានអតិផរណា (លុយចុះថោក ទំនិញឡើងថ្លៃ)។
លោកថ្លែងថា៖«ហើយខ្ញុំក៏មិនហ៊ានចោទថា ដោយសារវិបត្តិសេដ្ឋកិច្ច ឬអីដែរ បើសិនជាគ្រាន់តែខ្វះសាច់ប្រាក់ក្នុងការធ្វើឱ្យមានរំហូរសាច់ប្រាក់លុយរៀលយើងហ្នឹងតិចពេកអី អាហ្នឹងវាមិនអីទេ។ ប៉ុន្តែបើបោះ[ពុម្ពលុយ] ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច អាហ្នឹងវាមានអតិផរណាចៀសមិនរួចទេ ហើយវាធ្វើឱ្យទំនិញឡើងថ្លៃ អាហ្នឹងជាការពិត»។
លោក អ៊ូ ច័ន្ទរ័ត្ន បន្ថែមថា៖«ប៉ុន្តែមានពេលខ្លះ វាអាចជាគុណសម្បត្តិដែរ ការបោះក្រដាសប្រាក់បន្ថែមអាចនឹងបង្កើតការងារអីជាដើម ប៉ុន្តែខ្ញុំមិនទាន់មានជំនឿទៅលើរឿងហ្នឹងនៅក្នុងប្រទេសកម្ពុជា»។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ថ្លែងនៅថ្ងៃទី១៧ តុលា ថា ការបោះពុម្ពក្រដាសប្រាក់ចំនួនច្រើននេះធ្វើឱ្យមានការវែកញែកក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា ហើយថា តើចំនួនសាច់ប្រាក់ដ៏ច្រើននេះវាធ្វើឱ្យមានអតិផរណា ឬយ៉ាងណា។
លោក សេក សុជាតិ ថ្លែងថា៖«ក្នុងករណីនេះ លុះត្រាតែធនាគារជាតិនៃកម្ពុជា ដែលជាធនាគារកណ្តាលរបស់កម្ពុជាហ្នឹងមានយុទ្ធសាស្ត្រ អាចគ្រប់គ្រងអត្រាប្តូរប្រាក់កម្ពុជាឱ្យនៅនឹងបាន វាគឺជាមធ្យោបាយមួយ ដែលអាចធានាបាននូវគុណតម្លៃប្រាក់រៀលទៅលើទីផ្សារជាតិ និងអន្តរជាតិ»។
លោកបន្តថា៖«ប៉ុន្តែបើសិនជាមានការធ្វេសប្រហែសណាមួយដែលធ្វើឱ្យសាច់ប្រាក់កម្ពុជាមានអតិផរណា នោះវានឹងធ្វើឱ្យប៉ះពាល់ទៅដល់តម្លៃទំនិញ វាធ្វើឱ្យប៉ះពាល់ទៅដល់វិស័យផ្សេងៗទៀត»។
លោក ស៊ឹង សែនករុណា អតីតអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស(អាដហុក) ដែលបច្ចុប្បន្ន ជាអ្នកវិភាគ និងឃ្លាំមលើកម្ពុជា លើកឡើងថា ការបោះពុម្ពក្រដាសប្រាក់កាន់តែធំ បង្ហាញថា វិបត្តិសេដ្ឋកិច្ចកាន់តែកើន តម្លៃក្រដាសប្រាក់កាន់តែធ្លាក់ថ្លៃ។
តាមរយៈគណនីហ្វេសប៊ុក ឈ្មោះ Soeng Senkaruna នៅថ្ងៃទី១៦ ខែតុលា លោកសរសេរថា៖«មើលអ្នកស្រុកខាងកើត[វៀតណាម] បោះពុម្ពក្រដាសប្រាក់ដល់១លាន តែសេដ្ឋកិច្ចគេកំពុងកើន អាចបន្ថយមកវិញ នាពេលអនាគត»។
តាមទំព័រហ្វេសប៊ុកប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នៅថ្ងៃទី១៦ តុលា លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាថ្លែងថា ការចេញនូវធនបត្រប្រភេទថ្មីនេះ ដើម្បីជំនួសក្រដាសប្រាក់ចាស់ ទក់ រហែក ដែលត្រូវបានដកចេញពីចរាចរណ៍។ ម្យ៉ាងទៀត ការបោះពុម្ពក្រដាសប្រាក់ប្រភេទ២សែនរៀលនេះក៏ដើម្បីអបអរខួប២០ឆ្នាំ នៃការគ្រងរាជ្យសម្បត្តិរបស់ព្រះករុណា ព្រះមហាក្សត្រ នរោត្តម សីហមុនី ផងដែរ។
កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការចេញផ្សាយ នូវធនបត្រ ឬក្រដាសប្រាក់អនុស្សាវរីយ៍ ប្រភេទ ២០០ ០០០ រៀល។ លោកស្រី ជា សិរី បញ្ជាក់ថា ក្នុងឱកាសដាក់ចេញនូវធនបត្រប្រភេទ ២សែនរៀលនេះ នឹងមិនប៉ះពាល់អ្វីទៅដល់ចំនួនរូបិយវត្ថុ ដែលមាននៅក្នុងចរាចរណ៍ នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទេ។
លោកស្រីថ្លែងថា៖«មានការព្រួយបារម្ភកន្លងមក នៅពេលដែលធនាគារជាតិ នៃកម្ពុជាដាក់ចេញនូវប្រភេទធនបត្រថ្មី ថា ធនាគារជាតិ នៃកម្ពុជា ឬក៏រាជរដ្ឋាភិបាលខ្វះលុយ អ៊ីចឹងហើយ បានជាត្រូវបោះផ្សាយលុយដាក់ឱ្យប្រើប្រាស់បន្ថែម។ ខ្ញុំសូមជម្រាបថា ការដាក់ចេញនូវធនបត្រប្រភេទនេះ គឺគ្រាន់តែជំនួសក្រដាសប្រាក់ចាស់ ទក់ រហែក ដែលយើងបានដកចេញពីចរាចរណ៍»។
បើតាមលោកស្រី ជា សិរី ចំនួនធនបត្រ ឬក្រដាសប្រាក់ ប្រភេទថ្មី ២០០ ០០០ រៀលនេះ ធនាគារជាតិ នៃកម្ពុជា បានបោះពុម្ព ចំនួន២០លានសន្លឹក៕