ភរិយារបស់មន្ត្រីជាន់ខ្ពស់ ត្រូវបានតុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនពីបទរំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន
លោកស្រី ចាយ ផានី ដែលគេស្គាល់ថា ជាភរិយារបស់លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចតាមចាប់ខ្លួន ពីបទរំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។
តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរ លោក កុយ សៅ ចេញកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ដែល The Cambodia Now News (CNN) ទទួលបាននៅថ្ងៃទី១០ ខែតុលា បញ្ជាក់ថា ជនត្រូវចោទឈ្មោះ ចាយ ផានី ភេទស្រី កើតថ្ងៃទី១ ខែមករា ឆ្នាំ១៩៦៩ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ២២L ផ្លូវលេខ២៧៦ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនត្រូវចោទ ត្រូវដាក់ក្រោមការត្រួតពិនិត្យ ពីបទ រំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២២។ តុលាការសម្រេចឱ្យចាប់ខ្លួនឈ្មោះ ចាយ ផានី ដោយបញ្ជាដល់កម្លាំងសាធារណៈឱ្យស្រាវជ្រាវរកចាប់ និងនាំខ្លួនជនត្រូវចោទមកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕