ក្រសួងអប់រំ យុវជន និងកីឡា ឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅព្រឹកថ្ងៃទី២នេះមានបេក្ខជនអវត្តមាន ២ ៣៦៤នាក់ ស្រី៩០៧នាក់ (កើនលើសថ្ងៃទី៨ ខែតុលា ចំនួន៤៦នាក់) ក្នុងនោះបេក្ខជនស្វៃរិនអវត្តមានចំនួន១ ៩៥៥នាក់។
បេក្ខជនមានបញ្ហាសុខភាពចំនួន ៤៤នាក់ ក្នុងនោះ ៤នាក់បោះបង់ការប្រឡង ៧នាក់ត្រូវបានបញ្ជូនទៅប្រឡងក្នុងបន្ទប់ដាច់ដោយឡែក និងរងគ្រោះថ្នាក់ចរាចរណ៍ ៤នាក់។ ចំណែកអនុរក្ស អប្បមាទ និងគណៈកម្មការ ដែលមានបញ្ហាសុខភាព មានចំនួន១០នាក់ ករណីគ្រុនពោះវៀន និងលើសឈាម។
អនុរក្សអនុវត្តខុសបទបញ្ជា មាន ២ករណី អនុរក្ស ១នាក់ប្រើទូរស័ព្ទថតវិញ្ញាសា នៅមណ្ឌល វិទ្យាល័យវឌ្ឍនៈឈូងលាភ ខេត្តកណ្តាល និងអនុរក្ស ១នាក់ យកទូរស៏ព្ទចូលបន្ទប់ប្រឡង នៅមណ្ឌល អនុវិទ្យាល័យចតុមុខ រាជធានីភ្នំពេញ។
ទោះយ៉ាងណា ការប្រឡងបានប្រព្រឹត្តទៅដោយរលូន មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយនៅតាមមណ្ឌលប្រឡងនីមួយៗ ដោយមានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ អនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ។
ការប្រឡងក៏មានការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការ ដោយសហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។
ក្រសួងអប់រំបានលើកទឹកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី៨ តុលា ២០២៤។
មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ០៤០នាក់ ស្រី ៧៤ ៨៨២នាក់ ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៩ ៣៥៨នាក់ ស្រី ២៣ ៧១៥នាក់។
បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៧ ៦៨២នាក់ ស្រី ៥១ ១៦៧នាក់ចែកជា២៣០មណ្ឌល ត្រូវជា ៥ ៥៣៣បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៧៣មណ្ឌល មានបន្ទប់ចំនួន ១ ៦០២បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៧មណ្ឌល ត្រូវជា ៣ ៩៣១ បន្ទប់។
ក្រសួងអប់រំបានកំណត់ការប្រកាសលទ្ធផលប្រឡងនៅរសៀលថ្ងៃទី៣០ តុលា នៅមណ្ឌលរាជធានីភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី៣១ តុលា នៅតាមបណ្តាខេត្តទូទាំងប្រទេស៕ អត្ថបទដោយលោក ចៀម សុខន