Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

មេបក្សក្រៅរដ្ឋាភិបាល លោក មាជ សុវណ្ណារ៉ា ថា ខ្លួនគ្មានសិទ្ធិគ្រប់គ្រាន់ ដើម្បីបញ្ចេញមតិក្នុងកិច្ចការនយោបាយ ខណៈតុលាការដាក់លោកឱ្យនៅក្រោមការត្រួតពិនិត្យ ករណីញុះញង់

0

ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា ត្រូវបានសាលាដំបូងខេត្តរតនគិរី ដាក់ឱ្យនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ក្រោយពីបើកសវនាការសួរចម្លើយ កាលពីថ្ងៃទី៧ ខែតុលា ករណីញុះញង់ឱ្យមានការរើសអើង។ លោកថា តុលាការកំណត់បែបនេះ ធ្វើឱ្យលោកមិនមានសិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងការបញ្ចេញមតិ សម្រាប់កិច្ចការនយោបាយ ក្នុងនាមលោកជាមេដឹកនាំគណបក្សនយោបាយ។

លោក មាជ សុវណ្ណារ៉ា ប្រាប់ The Cambodia Now News(CNN) នៅថ្ងៃទី៨ តុលា ថា តុលាការមិនបានហាមលោកក្នុងការធ្វើនយោបាយ ឬចេញក្រៅប្រទេសទេ ប៉ុន្តែការកំណត់របស់តុលាការដាក់លោកឱ្យនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការបែបនេះ ហាក់ដូចបិទសេរីភាព។ លោកចោទជាសំណួរថា អ្វីទៅជាបទញុះញង់ ហើយនិយាយបែបណា ដើម្បីកុំឱ្យប៉ះពាល់។ តុលាការត្រូវប្រាប់ឱ្យចំចំណុច។

លោកបានថ្លែងថា៖«ចុះបើយើងនិយាយអំពីអ៊ីចេះគេថា អានោះញុះញង់ទៀត និយាយពីអ៊ីចេះ អានោះអុជអាលស្អីៗជាដើម។ អាហ្នឹងហើយជាបញ្ហា ដែលយើងថា វាបាត់សេរីភាពពេញលេញ ក្នុងនាមយើងជាថ្នាក់ដឹកនាំកំពូល មេដឹកនាំគណបក្សក្រៅរដ្ឋាភិបាល គណបក្សជំនាន់ថ្មី»។

លោកសុវណ្ណារ៉ា បន្ថែមថា៖«អ៊ីចឹងហើយ យើងស្នើឱ្យមានការទម្លាក់បទចោទប្រកាន់ពីបទញុះញង់ឱ្យមានការរើសអើង ហើយរើសអើងរឿងស្អី? យើងបានបង្កវិទ្ធង្សនាវឹកវរប្រទេសជាតិ មានមនុស្សធ្វើបាតុកម្ម កុបកម្មអី ឬនៅ? គ្រាន់តែយើងមានក្តីអាណិត មេត្តា ករុណា ដល់កម្មករខ្មែរ ដែលគាត់សួរ គាត់ឆ្ងល់ថា ហេតុអី កម្មករដូចគ្នា កម្មករខ្មែរ បែរជាបានលុយប្រចាំថ្ងៃតិចជាងកម្មករ[វៀតណាម]?»

បើតាមទំព័រហ្វេសប៊ុក នាថ្ងៃទី៧ តុលា របស់លោក មាជ សុវណ្ណារ៉ា គឺ តុលាការបានបង្គាប់ឱ្យជនត្រូវចោទ មាជ សុវណ្ណារ៉ា ត្រូវគោរពកាតព្វកិច្ច ដែលតុលាការបានកំណត់ ក្នុងនោះ ហាមលោក មាជ សុវណ្ណារ៉ា ធ្វើសកម្មភាពនានា ដូចជាអំពើញុះញង់ឱ្យមានការរើសអើង ឬប្រព្រឹត្តឱ្យមានការរើសអើងតាមគ្រប់រូបភាព និងមធ្យោបាយណា ដែលអំពើប្រព្រឹត្តទាំងនោះបណ្តាលឱ្យប៉ះពាល់របៀបរៀបរយសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមជាដើម។

តុលាការក៏បានដាក់កំហិតកុំឱ្យលោក មាជ សុវណ្ណារ៉ា ផ្លាស់ប្តូរទីលំនៅដ្ឋាន ដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ។ ត្រូវចូលទៅបង្ហាញខ្លួនតាមការកំណត់នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្នុងអំឡុងពេល២ខែម្តង ជារៀងរាល់ដើមខែ រហូតដល់បញ្ចប់នីតិវិធីតុលាការ។ ត្រូវឆ្លើយតបនឹងដីកាកោះហៅពីគ្រប់បុគ្គល ដែលចាត់តាំងដោយចៅក្រមស៊ើបសួរ៕

Leave A Reply

Your email address will not be published.