លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី៨ តុលានេះ បានចេញអនុក្រឹត្យបញ្ចប់មុខតំណែង លោក កន សុខកាយ ពីអភិបាលស្រុកល្វាឯម ខេត្តកណ្តាល ដោយសារមន្រ្តីរូបនេះ បានប្រព្រឹត្តកំហុស ក្រមសីលធម៌ និងវិជ្ជាជីវៈធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ ស្តីពីសហលក្ខន្តិកៈ មន្រ្តីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។
ការបញ្ចប់មុខតំណែងនេះ ក្រោយពីបែកធ្លាយ ករណី លោក កន សុខកាយ ប្រគល់លុយឱ្យលោក លី សាម៉េត ចំនួន៣០ម៉ឺនដុល្លារ ជាថ្នូរទៅនឹងការទទួលបានមុខតំណែងថ្មី ជាអភិបាលក្រុង អរីយក្សត្រ។
លោក កន សុខកាយ ដែលបានជ្រុះតំណែងចេញពីអភិបាលស្រុកល្វាឯម បន្ទាប់ពីលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលាតត្រដាងករណី លោក លី សាម៉េត ហៅគ្រូមា ដែលតែងតែយកឈ្មោះលោក ហ៊ុន សែន ដើម្បីដើរបោកប្រាស់គេ ហើយលោក កន សុខកាយ ក៏បានយកប្រាក់ចំនួន៣០ម៉ឺនដុល្លារ ឱ្យលោក លី សាម៉េត ដើម្បីរត់ការបានតំណែងជាអភិបាលក្រុងអរីយក្សត្រ៕ សួង ប៊ុននេង