Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

តើវៀតណាម បានស្នើឱ្យកម្ពុជា និងឡាវ ប្រើគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ (CLV) អនុវត្តទៅលើគ្រប់ខេត្តនៅទូទាំងប្រទេស ដែលកម្ពុជាមិនព្រម មែន ឬទេ?

0
បើតាមអ្នកអត្ថាធិប្បាយដ៏ល្បីឈ្មោះ គឺវៀតណាម កាលពីឆ្នាំ២០១៨ បានស្នើឱ្យកម្ពុជា និងឡាវប្រើប្រាស់គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) ដាក់ទៅលើខេត្តទាំងអស់នៅទូទាំងប្រទេសតែម្តង ប៉ុន្តែកម្ពុជា និងឡាវ មិនទាន់យល់ព្រមទេ។ ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់អះអាងថា រដ្ឋាភិបាល មិនមានគោលការណ៍អភិវឌ្ឍន៍បែបនេះទេ។
តាមរយៈទំព័រហ្វេសប៊ុក ឈ្មោះ The Kanitha Show ដែលមានអ្នកនាងកន្និដ្ឋាន ជាម្ចាស់ផេកនោះ បានអះអាងនៅថ្ងៃទី២ ខែសីហា នេះ ថា៖«កាលពីឆ្នាំ២០១៨ វៀតណាម បានស្នើសុំឱ្យកម្ពុជា និងឡាវ ប្រើប្រព័ន្ធ CLV ដាក់ទៅលើខេត្តទាំងអស់ទូទាំងប្រទេសតែម្តង ប៉ុន្តែកម្ពុជា និងឡាវ មិនទាន់យល់ព្រមទេ»។
ដោយដឹងពីគម្រោងការរបស់វៀតណាមបែបនេះ អ្នកនាងកន្និដ្ឋា បានបន្ថែមថា នាងគាំទ្រឱ្យកម្ពុជា មានកិច្ចសហការជាមួយប្រទេសជិតខាងលើគម្រោងអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ប៉ុន្តែថា នាងមិនគាំទ្រ ឱ្យកម្ពុជា សហការផ្នែកអភិវឌ្ឍន៍តំបន់ត្រីកោណ CLV នេះទេ។
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលធ្វើការពាក់ព័ន្ធនឹងគម្រោង CLV ប្រាប់ The Cambodia Now News (CNN) នៅថ្ងៃទី២ ខែសីហា នេះ ថា លោកមិនបានទទួលដំណឹងថា ភាគីវៀតណាម បានស្នើឱ្យកម្ពុជា អនុវត្តគម្រោង CLV ដោយត្រូវដាក់ទៅលើខេត្តទាំងអស់នោះទេ។ ប៉ុន្តែលោកថា ទោះយ៉ាងណា រដ្ឋាភិបាល មិនមានគោលការណ៍អនុវត្តតាមសំណើរបស់វៀតណាមដែរ។
លោកបណ្ឌិត យង់ ពៅ បញ្ជាក់ថា៖«ប៉ុន្តែសម្រាប់កម្ពុជា អតីតនាយករដ្ឋមន្ត្រី ក៏ដូចជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន ពុំមានគោលការណ៍ ឬក៏នយោបាយ ដែលដាក់ការអភិវឌ្ឍន៍តំបន់ត្រីកោណហ្នឹងយកប្រទេសទាំងមូលទៅជាតំបន់អភិវឌ្ឍន៍បានទេ»។
លោកបន្តថា៖«អត់មានគោលបែបហ្នឹង អត់មានកិច្ចសហប្រតិបត្តិការបែបហ្នឹង អត់មាននយោបាយបែបហ្នឹងទេ។ នេះជាព័ត៌មាន ដែលខ្ញុំទទួលបាន»។
លោកបន្ថែមថា រដ្ឋាភិបាលកម្ពុជា ពុំមានគោលការណ៍ណាមួយ ឬក៏នយោបាយណាមួយទៅធ្វើកិច្ចសហប្រតិបត្តិការកម្រិតតំបន់ ដែលយកប្រទេសទាំងមូលដាក់ទៅក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអ៊ីចឹងទេ ព្រោះមានសមាគមអាស៊ានរួចហើយ សម្រាប់ការដាក់បញ្ចូលរដ្ឋជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅថា អាស៊ាន នេះ៕
Leave A Reply

Your email address will not be published.