សម្ទុះនៃការទាមទារឱ្យកម្ពុជា ដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍(CLV) ពីសំណាក់ពលរដ្ឋ ទាំងក្នុងនិងក្រៅប្រទេស កំពុងផ្ទុះឡើងខ្លាំង ទោះបីលោក ហ៊ុន សែន បំភ្លឺថា កម្ពុជា ទទួលផលចំណេញពីគម្រោងនេះក្តី
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ប្រជាពលរដ្ឋ ទាំងក្នុង និងក្រៅប្រទេស បាននិងកំពុងទាមទារ ឱ្យរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោក ហ៊ុន ម៉ាណែត ដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) ដោយបារម្ភពីហានិភ័យទៅអនាគត ដែលអាចបាត់បង់ទឹកដី ដោយសារគម្រោងនេះ បើទោះបីលោក ហ៊ុន សែន បានបំភ្លឺថា កម្ពុជា នឹងទទួលផលចំណេញក្តី។
ប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុន និងកូរ៉េ លើកឡើងថា ពួកគេមិនគាំទ្រឱ្យរដ្ឋាភិបាលកម្ពុជាដាក់ខេត្ត៤ គឺ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ក្នុងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម CLV នោះឡើយ ព្រោះមិនមានផលចំណេញសម្រាប់កម្ពុជាទេ ផ្ទុយទៅវិញ មានតែនាំឱ្យកម្ពុជា ខាតបង់។
ប្រជាពលរដ្ឋនៅប្រទេសជប៉ុន បានលើកឡើងថា៖«សរុបសេចក្តីមក ពួកយើងទាំងអស់គ្នាពិតជាមិនគាំទ្រនូវគម្រោងអភិវឌ្ឍន៍ជាមួយប្រទេសវៀតណាមឡើយ ពីព្រោះការអភិវឌ្ឍជាមួយប្រទេសវៀតណាម ឡាវ វាមិនមានផលចំណេញដល់ប្រទេសកម្ពុជានោះទេ។ ត្រូវតែដកចេញ»។
ប្រជាពលរដ្ឋនៅប្រទេសកូរ៉េខាងត្បូង លើកឡើងថា៖«យើងខ្ញុំទាំងអស់គ្នា ដែលរស់នៅ និងធ្វើការនៅលើទឹកដីកូរ៉េខាងត្បូង មិនគាំទ្រដាច់ខាតទៅនឹងរដ្ឋាភិបាលកម្ពុជា ដែលដាក់បញ្ចូលខេត្តទាំង៤ គឺ ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះ ចូលក្នុងគម្រោងអភិវឌ្ឍន៍ CLV ជាដាច់ខាត។ មិនគាំទ្រ»។
ទោះយ៉ាងណា ប្រជាពលរដ្ឋអ្នកគាំទ្រមួយក្រុមទៀត បានសម្តែងនូវមតិគាំទ្រគម្រោងអភិវឌ្ឍន៍ CLV។ ពួកគេបានប្រកាសគាំទ្រកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV គឺដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។
ពួកអ្នកគាំទ្រទាំងនោះលើកឡើងថា៖«សូមកុំជឿតាមការញុះញង់ក្រុមជ្រុលនិយមនៅក្រៅប្រទេស ដែលនិយាយថា រដ្ឋាភិបាលកម្ពុជា កាត់ខេត្ត៤ឱ្យទៅវៀតណាម។ ជយោព្រះរាជាណាចក្រកម្ពុជា! ជយោសម្តេចតេជោ ហ៊ុន សែន! ជយោសម្តេចធិបតី ហ៊ុន ម៉ាណែត»!។
តាមការកត់សម្គាល់ មតិគាំទ្រឱ្យកម្ពុជា ដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការក្នុងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV មានចំនួនច្រើនជាងការគាំទ្រឱ្យកម្ពុជាធ្វើកិច្ចសហការក្នុងគម្រោង CLV នេះ។ គណនីហ្វេសប៊ុក ឈ្មោះ Sreng Vit បានសរសេរ នៅថ្ងៃទី២៩ កក្កដា ថា៖«ខ្ញុំមិនគាំទ្រទេ ខ្ញុំសូមឱ្យដកគម្រោង CLV ចេញទៅ»។ គណនីហ្វេសប៊ុក ឈ្មោះ Le Da ក៏បានសរសេរដោយខ្លីថា គាំទ្រឱ្យដក CLV ចេញ។
គណនីហ្វេសប៊ុក ឈ្មោះ Ha Yeon បានសរសេរថា៖«គាំទ្រឱ្យរដ្ឋាភិបាល ដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍ CLV»។ គណនីហ្វេសប៊ុក ឈ្មោះ ធឹម សាវឿន ក៏បានសរសេរថា៖«ឱ្យដកចេញពីគម្រោងត្រីកោណ ១០០%»។ គណនី ឈ្មោះ ខេវិន ឈ្មោះ តូ ម៉ា ឈ្មោះ គឹមសាន ហ៊ុន ឈ្មោះ សម ចន្ទរក្សា និងឈ្មោះ ប្រាក់ គឹមសាន ពួកគេទាំងនេះបានប្រកាសមិនគាំទ្រគម្រោង CLV ឡើយ។
ជុំវិញការទាមទារឱ្យរដ្ឋាភិបាលកម្ពុជា ដកខ្លួនចេញពីគម្រោង CLV នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា ប្រាប់ The Cambodia Now News (CNN) នៅថ្ងៃទី២៩ កក្កដា ថា៖«អភិវឌ្ឍប្រទេស អត់មានពាក់ព័ន្ធទៅនឹងបូរណភាពទឹកដីអីទេ។ ប្រជាពលរដ្ឋយល់ហើយ នៅសល់តែក្រុមប្រឆាំងមួយក្តាប់តូចបំផុសចលនាយករឿងហ្នឹងធ្វើជារបៀបវារៈនយោបាយរាប់សិបឆ្នាំមកហើយដដែលៗ គឺដើម្បីបង្អាក់ដំណើរការកសាងជាតិ។ អ៊ីចឹង ផែនការអភិវឌ្ឍន៍ប្រទេសនេះមានភាពជាក់លាក់ ហើយរាជរដ្ឋាភិបាលធានាច្បាស់លាស់អំពីបូរណភាពទឹកដី អធិបតេយ្យភាពជាតិ»។
ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានថ្លែងបំភ្លឺ កាលពីថ្ងៃទី២៣ កក្កដា ថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV ផ្តល់អត្ថប្រយោជន៍ឱ្យកម្ពុជាច្រើន ដោយកិច្ចសហប្រតិបត្តិការនេះបានជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្តទាំង៤ របស់កម្ពុជា។ ជួយអភិវឌ្ឍន៍ថាមពលអគ្គិសនី ជួយឱ្យកម្ពុជាពង្រឹងវិស័យការពារជាតិបានកាន់តែល្អប្រសើរ ទប់ស្កាត់ក្រុមជ្រុលនិយមលាក់ខ្លួន ទប់ស្កាត់បទល្មើសកាប់ឈើខុសច្បាប់ និងបទល្មើសគ្រឿងញៀនជាដើម៕