ទាំងញត្តិគាំទ្រពីស្ថាប័នរដ្ឋ ពីបក្សនយោបាយ និងមតិរិះគន់ នៅតែផ្ទុះឡើងខ្លាំងលើសាររបស់លោកហ៊ុន សែន ពាក់ព័ន្ធគម្រោង(CLV) ខណៈលោកព្រមានអនុវត្តច្បាប់លើអ្នកនៅក្នុងស្រុកដែលបំភ្លៃការពិត
ការផ្ញើញត្តិ ឬសូត្រញត្តិគាំទ្រពីស្ថាប័នផ្សេងៗរបស់រដ្ឋ និងបក្សនយោបាយ ព្រមទាំងមតិមិនគាំទ្រ បាននិងកំពុងផ្ទុះឡើងខ្លាំងជាបន្តបន្ទាប់លើសាររបស់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម(CLV) ខណៈមេដឹកនាំរូបនេះ ព្រមានចាត់ការផ្លូវច្បាប់លើប្រជាពលរដ្ឋក្នុងស្រុក ដែលបំភ្លៃខុសពីការពិត។
ការចេញញត្តិគាំទ្រពីក្រសួង ស្ថានប័ន និងក្រុមមន្ត្រីរបស់រដ្ឋាភិបាល បានផ្ទុះឡើងជាហូរហែ ក្រោយពីប៉ុន្មានម៉ោង លោក ហ៊ុន សែន ថ្លែងសារបំភ្លឺពីរឿងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV បន្ទាប់ពីមហាជនរិះគន់ ដោយបារម្ភពីការបាត់បង់ទឹកដីក្នុងគម្រោងCLV។ ជាមួយគ្នានេះ មតិរិះគន់ពីមហាជនទៅលើសាររបស់លោក ហ៊ុន សែន បំភ្លឺរឿងគម្រោងអភិវឌ្ឍន៍នេះ ក៏បានផ្ទុះឡើងជាហូរហែផងដែរ ក្នុងគោលបំណងជំទាស់នឹងរដ្ឋាភិបាលកម្ពុជា ដាក់ខេត្ត៤ គឺខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដើម្បីអភិវឌ្ឍជាមួយឡាវ និងវៀតណាម។
ក្រុមមន្ត្រីសាលាខណ្ឌឫស្សីកែវ បានសូត្រញត្តិមួយរួមគ្នា ក្នុងនាមក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃខណ្ឌឫស្សីកែវ កងកម្លាំងប្រដាប់អាវុធ និងក្នុងនាមប្រជាពលរដ្ឋទាំងអស់ក្នុងខណ្ឌឫស្សីកែវ ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារពិសេស របស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងកាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ [CLV]…។
ក្រសួងអប់រំ យុវជន និងកីឡា បានចេញញត្តិគាំទ្រមួយកាលពីថ្ងៃទី២៣ កក្កដា ដោយថា ទំាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងអប់រំ យុវជន និងកីឡា សូមប្រកាសជាឱឡារិក គាំទ្រយ៉ាងពេញទំហឹងចំពោះសារពិសេសរបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម(CLV-DTA) ហើយថ្កោលទោសចំពោះជនណា ដែលញុះញង់ និងបំភ្លៃការពិតថា កិច្ចសហប្រតិបត្តិការនេះ ធ្វើឱ្យបាត់បង់ទឹកដី។
អភិបាលខេត្តព្រៃវែង លោក សួន សុម៉ាលីន ក្នុងនាមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ក្នុងខេត្តព្រៃវែង ក៏បានចេញញត្តិប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារពិសេស លោក ហ៊ុន សែន ពាក់ព័ន្ធនឹង គម្រោង CLV ហើយក៏បានថ្កោលទោសចំពោះជនណា ដែលញុះញង់ និងបំភ្លៃការពិតថា កិច្ចសហប្រតិបត្តិការនេះ ធ្វើឱ្យបាត់បង់ទឹកដី។
ចំណែកគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ក៏បានចេញញត្តិគាំទ្រ នៅថ្ងៃទី២៦ កក្កដា ដែរថា ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តី នៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសារពិសេស របស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លើការអនុវត្តកម្មវិធី និងគម្រោងក្រោមក្របខ័ណ្ឌ នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម…។
ជាមួយគ្នានេះ ក្រុមគណបក្សនយោបាយ ដែលមាននិន្នាការទៅគណបក្សកាន់អំណាច ក៏បានចេញញត្តិគាំទ្រជាហូរហែផងដែរ ទៅលើសាររបស់លោក ហ៊ុន សែន។ ជាក់ស្តែង គណបក្សកម្លាំងប្រជាធិបតេយ្យ និងគណបក្សខ្មែរអភិរក្ស ក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារពិសេស របស់លោក ហ៊ុន សែន ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ត្រីកោណ CLV។
ដោយឡែក សម្រាប់អ្នកមិនគាំទ្រ ក៏បានចេញសារបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ជាហូរហែផងដែរ ដោយជំទាស់នឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV នេះ។ គណនីហ្វេសប៊ុក ឈ្មោះ Nimol Felix បានសរសេរថា៖«ខ្ញុំសូមមិនគាំទ្រឱ្យមានការដាក់បញ្ចូលខេត្ត៤របស់កម្ពុជា ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងរតនគិរី ជាតំបន់រួមជាមួយវៀតណាម និងឡាវទេ ក្នុងនាមជាពលរដ្ឋម្នាក់»។ គណនីហ្វេសប៊ុក ឈ្មោះ EH BeautyCare បានសរសេរថា៖«ខេត្តទាំង៤របស់យើង តើអាចនឹងមានប្រវត្តិសាស្ត្រច្រំដែលៗដែរ ឬទេ វាសនាកម្ពុជាទៅជាយ៉ាងណា? ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរមួយរូប សូមមិនគាំទ្រទេ»។
គណនីហ្វេសប៊ុក ឈ្មោះ ទេពមយូរា បានសរសេរថា៖«គម្រោង CLV មិនល្អទេដឹង! ព្រោះកន្លងមក តាមប្រវត្តិសាស្ត្រ យើងចាញ់ប្រទេសនោះរហូត…!»។ គណនីហ្វេសប៊ុក ឈ្មោះ បេះដូងពលករខ្មែរ ក៏បានសរសេរថា៖«ក្នុងនាមខ្ញុំជាកូនខ្មែរម្នាក់មិនគាំទ្រជាដាច់ខាតឱ្យមានការដាក់បញ្ចូលខេត្ត៤ របស់កម្ពុជា មាន ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងរតនគិរី ជាតំបន់រួមជាមួយ យួន និងឡាវទេ»។
គណនីហ្វេសប៊ុក ឈ្មោះ Je Dey បានសរសេរថា ក្នុងនាមជាពលរដ្ឋម្នាក់ គាត់គាំទ្រឱ្យរដ្ឋាភិបាល ដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍ CLV។
ស្របពេលមានទាំងអ្នកគាំទ្រ និងអ្នកជំទាស់ លើគម្រោង CLV នេះ លោក ហ៊ុន សែន ក៏បានព្រមានថា លោកមិនអាចអត់ឱនបានឡើយចំពោះជនមួលបង្កាច់រឿងពិត នៃកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ។ លោកបញ្ជាក់ថា អ្នកបំភ្លៃរឿង CLV នេះ សម្រាប់អ្នកនៅក្នុងស្រុក ត្រូវប្រឈមនឹងច្បាប់។ ចំពោះអ្នកនៅក្រៅស្រុក ត្រូវដឹងថា ទង្វើនេះធ្វើឱ្យអ្នកនៅក្នុងស្រុកប្រឈមនឹងច្បាប់៕