មន្រ្តីយោធាត្រែទ័ពម្នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ បន្ទាប់ពីយកកាំភ្លើង AK ទៅគំរាមកំហែងគូជម្លោះ
ជនសង្ស័យឈ្មោះ សុខ មនោរម្យ មុខរបរជាមន្រ្តីយោធាត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២១ ខែកក្កដា ដើម្បីចាត់ការតាមច្បាប់ ករណីយកកាំភ្លើងAKគំរាមជនរងគ្រោះ។
កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ ១៩ និង ៣២នាទី មានករណីបុរសម្នាក់បានប្រើប្រាស់កាំភ្លើង១ដើម ម៉ាក AK47 កាន់គំរាមកំហែងទៅលើពលរដ្ឋ នៅចំណុចគល់ស្ពានព្រែកព្នៅ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមដងផ្លូវ និងប្រជាពលរដ្ឋរស់នៅក្បែរនោះ។
ប៉ុន្តែបន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនបុរសនោះយកមកសួរនាំ។
ជនសង្ស័យឈ្មោះ សុខ មនោរម្យ អាយុ៣៧ឆ្នាំ មានមុខរបរ ជាមន្ត្រីយោធាត្រែទ័ព បានសារភាពថា មូលហេតុដែលខ្លួនយកកាំភ្លើងម៉ាក AK47 គំរាមកំហែង ជនរងគ្រោះ ដោយសារជនរងគ្រោះ បានចោទខ្លួនថាបានទំនាក់ទំនងស្នេហាជាមួយប្រពន្ធជនរងគ្រោះ ហើយខ្លួនក៏ណាត់ជនរងគ្រោះដើម្បីដោះស្រាយការយល់ច្រឡំ។
ជនសង្ស័យនិយាយថា តែដោយជនរងគ្រោះមានបក្ខពួក ៤-៥នាក់ មកព័ទ្ធជុំវិញខ្លួន និងឃើញមានម្នាក់សៀតវត្ថុរឹងនៅនឹងចង្កេះផង ទើបខ្លួនរត់ទៅយកកាំភ្លើងចេញពីក្នុងឡានដើម្បីគំរាមពួកនោះឱ្យចេញឆ្ងាយពីខ្លួនតែម្តងទៅ។ ចំណែកប្រពន្ធជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ខ្លួនពុំមានទំនាក់ទំនងអ្វីស៊ីជម្រៅជាមួយជនសង្ស័យទេ។
ជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ អត្ថបទដោយ សួង ប៊ុននេង
Comments are closed.