Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

ធនាគារជាតិ បានដាក់ចេញវិធានការតម្រូវឱ្យធនាគាពាណិជ្ជខេត្តសៀមរាបទទួលយកប្រាក់ដុល្លារអាមេរិកចាស់ ឬប្រឡាក់ ដោយមិនទាមទារកម្រៃសេវាពីអតិថិជន ក្រោយមានសំណើពីនាយករដ្ឋមន្ត្រី

ធនាគារជាតិ នៃកម្ពុជា បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីអនុវត្តនៅខេត្តសៀមរាប ដែលរួមមាន យន្តការបន្ទាន់ និងយន្តការបន្តទៀត។ ចំពោះយន្តការបន្ទាន់ ដែលនឹងត្រូវអនុវត្តនៅខេត្តសៀមរាប ចាប់ពីថ្ងៃចុះហត្ថលេខានេះទៅ គឺតម្រូវឱ្យសាខាធនាគារពាណិជ្ជខេត្តសៀមរាប ទទួលយកប្រាក់ដុល្លារអាមេរិកចាស់ ឬប្រឡាក់ ដោយមិនទាមទារកម្រៃសេវាពីអតិថិជន។

សេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិ នៃកម្ពុជា កាលពីថ្ងៃទី២១ កក្កដា ដែលត្រូវបានផ្សព្វផ្សាយ នៅថ្ងៃទី២២ កក្កដា នេះ បានដាក់ចេញនូវយន្តការចំនួន៤។ យន្តការទី១ តម្រូវឱ្យសាខាធនាគារពាណិជ្ជខេត្តសៀមរាប ទទួលយកប្រាក់ដុល្លារអាមេរិក ចាស់ ឬប្រឡាក់ ដោយមិនទាមទារកម្រៃសេវាពីអតិថិជនរបស់ខ្លួន លើកលែងតែក្រដាសប្រាក់ក្លែងក្លាយ។ យន្តការទី២ ក្នុងករណីក្រដាសប្រាក់ដុល្លារចាស់ខ្លាំង ដែលគិតថា មិនគួរបន្តឱ្យចរាចរលើទីផ្សារបាន ធនាគារពាណិជ្ជខេត្តសៀមរាបត្រូវបញ្ជូនបន្តទៅប្តូរយកក្រដាសប្រាក់ថ្មីនៅសាខាធនាគារជាតិខេត្តសៀមរាប ដោយពុំមានគិតកម្រៃសេវា និងពុំចាំបាច់រង់ចាំផ្ញើទៅទីស្នាក់ការកណ្តាលរបស់ធនាគារពាណិជ្ជនៅរាជធានីភ្នំពេញទេ។

ចំណែកយន្តការទី៣ តម្រូវឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់នៅខេត្តសៀមរាប ដាក់ក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ ២០ដុល្លារអាមេរិក និង៥០ដុល្លារអាមេរិក ជំនួសក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ១០០ដុល្លារអាមេរិក នៅក្នុងម៉ាស៊ីនដកប្រាក់ (ATMs) ដើម្បីសម្រួលដល់ការចាយវាយរបស់ភ្ញៀវទេសចរ។ ដោយឡែក ការដាក់ប្រាក់បញ្ញើតាមម៉ាស៊ីនដាក់ប្រាក់ គឺនៅទទួលគ្រប់ប្រភេទក្រដាសប្រាក់ដុល្លារអាមេរិក និងយន្តការទី៤ រៀបចំផ្សព្វផ្សាយទៅកាន់អាជីវករប្តូរប្រាក់ ម្ចាស់សណ្ឋាគារ និងភោជនីយដ្ឋាន ដើម្បីឱ្យបានយល់កាន់តែច្បាស់ និងគាំទ្រចំពោះវិធានការ ដែលបានដាក់ចេញខាងលើនេះ និងត្រៀមសហការជាមួយធនាគារជាតិ នៃកម្ពុជា ក្នុងការអនុវត្តយន្តការបន្តទៀត។

ចំណែកយន្តការបន្តទៀត មាន ២យន្តការ។ ទី១ ជំរុញការប្រើប្រាស់កម្មវិធីទូរស័ព្ទ Bakong Tourist App ដើម្បីគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកកម្សាន្តនៅប្រទេសកម្ពុជា និងយន្តការទី២ សហការជាមួយក្រុមហ៊ុនលក់ម៉ាស៊ីនរាប់ស្រាល់ជ្រើស ដើម្បីកំណត់លក្ខខណ្ឌស្តង់ដាមួយ ដែលមានសង្គតិភាពរវាងម៉ាស៊ីនរាប់ស្រាល់ជ្រើស របស់ធនាគារជាតិ និងធនាគារពាណិជ្ជ ក៏ដូចជា រវាងម៉ាស៊ីន របស់ធនាគារពាណិជ្ជ និងធនាគារពាណិជ្ជ។

ការចេញវិធានការលើការប្រើប្រាស់ប្រាក់ដុល្លារ ចាស់រហែក ឬប្រឡាក់នេះ បន្ទាប់ពីមានសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៨ ខែកក្កដា ទៅធនាគារជាតិ និងធនាគារឯកជន ឱ្យសហការគ្នាសម្រួលលក្ខខណ្ឌ ធ្វើយ៉ាងណា ឱ្យមានភាពងាយស្រួលដល់ភ្ញៀវទេសចរ ក្នុងការចាយវាយប្រាក់ដុល្លារចាស់រហែក ឬប្រឡាក់។ សំណើរនេះធ្វើឡើង ខណៈលោកចុះបំពេញការងារ ហើយឆ្លៀតទៅដើរកម្សាន្តនៅតំបន់ Pub Street នៅខេត្តសៀមរាប ហើយក៏បានដឹងនូវការលើកឡើងអំពីការលំបាក ក្នុងការចាយវាយប្រាក់ដុល្លារអាមេរិក ដែលមានសភាពចាស់ រហែក ឬប្រឡាក់។

អគ្គនាយកធនាគារអេស៊ីលីដា (ACLEDA) លោក អ៊ិន ចាន់នី និងប្រធានទំនាក់ទំនងឥណទាន នៃសាខាធនាគារមួយ ដែលសុំមិនឱ្យបញ្ចេញឈ្មោះ បានប្រាប់ The Cambodia Now News (CNN) កាលពីថ្ងៃទី២០ ខែកក្កដា ថា ធនាគាររបស់លោក រង់ចាំតែសេចក្តីសម្រេចដាក់ចេញមក ដើម្បីអនុវត្តតាមការណែនាំរបស់ធនាគារជាតិ។

លោក អ៊ិន ចាន់នី ថ្លែងថា៖«តម្លៃនៃលុយ ទោះបីជាលុយប្រឡាក់ លុយរហែក វាមានតម្លៃរបស់វា។ យើងនឹងធ្វើតាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជា»៕

Comments are closed.