ធនាគារឯកជនមួយចំនួនកំពុងរង់ចាំការសម្រេចពីធនាគារជាតិ ដើម្បីសម្រួលឱ្យមានការប្រើប្រាស់លុយដុល្លារ ដែលមានស្នាមប្រឡាក់ ឬរហែក បានទូលំទូលាយ តាមសំណើរបស់នាយករដ្ឋមន្ត្រី
ធនាគារឯកជនមួយចំនួនកំពុងរង់ចាំការសម្រេចពីធនាគារជាតិ ដើម្បីចូលរួមសម្រួលលក្ខខណ្ឌងាយស្រួលក្នុងការប្រើប្រាស់លុយដុល្លារឱ្យបានទូលំទូលាយ សម្រាប់ភ្ញៀវទេសចរ ឬប្រជាពលរដ្ឋ តាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៨ កក្កដា ក្រោយពីមានករណីលុយដុល្លារអាមេរិក ដែលមានស្នាមប្រឡាក់ ឬរហែក មិនត្រូវបានទទួលស្គាល់ ក្នុងការប្រើប្រាស់បានទូលំទូលាយ។
លោក អ៊ិន ចាន់នី អគ្គនាយក នៃធនាគារអេស៊ីលីដា (ACLEDA) ទទួលស្គាល់ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលនិយាយអំពីការលំបាករបស់ប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់លុយដុល្លារមានស្នាមប្រឡាក់ ឬរហែកទក់នោះ គឺជារឿងល្អ។ លោកថា ធនាគារអេស៊ីលីដា កំពុងរង់ចាំចូលរួមអនុវត្តតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ឱ្យតែធនាគារជាតិ នៃកម្ពុជា ចេញសេចក្តីសម្រេចមក។
អគ្គនាយក អ៊ិន ចាន់នី ប្រាប់ The Cambodia Now News(CNN) នៅថ្ងៃទី១៩ កក្កដា ថា៖«អនុសាសន៍របស់សម្តេចបវរធិបតីហ្នឹង ល្អមែនទែន ព្រោះតម្លៃនៃលុយ ទោះបីជាលុយប្រឡាក់ លុយរហែក វាមានតម្លៃរបស់វា ហើយយើងនឹងធ្វើតាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជា»។
នាយកគ្រប់គ្រប់សាខាធនាគារមួយ ដែលសុំមិនបញ្ចេញឈ្មោះ បានថ្លែងដែរថា ចំពោះករណី នៃការប្រើប្រាស់លុយដុល្លាររហែក ឬប្រឡាក់ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងនេះ ធនាគារខាងលោកក៏កំពុងរង់ចាំសេចក្តីសម្រេចពីធនាគារជាតិផងដែរ ដើម្បីអនុវត្តទៅតាមសំណើរបស់នាយករដ្ឋមន្ត្រី។
The Cambodia Now News(CNN) មិនអាចទាក់ទងលោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិ នៃកម្ពុជា ដើម្បីសុំអត្ថាធិប្បាយបានទេ។
ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា ដែលជាអ្នកនយោបាយមានសញ្ជាតិអាមេរិក គាំទ្រការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទាក់ទងនឹងក្រដាសប្រាក់ដុល្លារអាមេរិក ដោយលោកថា លុយដុល្លារមានស្នាមប្រឡាក់ រហែក ឬក៏ទក់ ដែលលោកយកមកចាយវាយនៅស្រុកខ្មែរ គឺមានការលំបាក ដោយមានការកាត់លុយ ពី ៥ដុល្លារ រហូតដល់១០ដុល្លារ ឬក៏មិនហ៊ានដូរ។
លោកថ្លែងថា៖«នៅអាមេរិក ទោះបីរហែកជាពីរ យកស្កុតមកបិទក៏គេយកដែរ។ អ៊ីចឹង បើសិនជាកម្ពុជាធ្វើបាន ខ្ញុំថា នៅតាមកន្លែងដូរលុយ កន្លែងធនាគារអី ខ្ញុំថា ល្អ។ ព្រោះអាហ្នឹង លុយវាវិលចូលទៅធនាគារជាតិ ហើយវាវិលចូលទៅការបោះពុម្ព ហើយដូរទៅឱ្យបរទេសអីជាដើម»។
លោកបានបន្តថា៖«ខ្ញុំសាទរអ្វី ដែលបង្កលក្ខណៈស្រួលឱ្យអតិថិជន ឱ្យប្រជាពលរដ្ឋឯង ក្នុងការចាយវាយ ជំនួញជួញដូរជាប្រាក់ដុល្លារអីហ្នឹង»៕
Comments are closed.