ប្អូនលោកបណ្ឌិត កែម ឡី ប្រាប់ក្រុមប្រឆាំងបញ្ឈប់ការយករូបភាពបងរបស់ខ្លួនធ្វើនយោបាយប្រឆាំងរដ្ឋាភិបាល ប៉ុន្តែអ្នកនយោបាយ និងសង្គមស៊ីវិល ថា គួរយល់ពីគុណតម្លៃ និងចំណេះរបស់លោកបណ្ឌិត ដែលមហាជនទទួលស្គាល់
លោក កែម រិទ្ធិសិទ្ធ ប្អូនប្រុសលោកបណ្ឌិត កែម ឡី បានអំពាវនាវដល់បក្សប្រឆាំង អង្គការក្រៅរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបញ្ឈប់ការយករូបភាពបងប្រុសរបស់ខ្លួនធ្វើនយោបាយប្រឆាំងរដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច។ លោកលើកឡើងបែបនេះ ប៉ុន្មានថ្ងៃ មុនថ្ងៃទី១០ កក្កដា ស្អែកនេះ ដែលជាខួប៧ឆ្នាំ នៃការបាញ់សម្លាប់លោកកែម ឡី កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦។
ជាមួយនឹងការអំពាវនាវនេះ លោក កែម រិទ្ធិសិទ្ធ ក៏បានលើកពីគុណសម្បត្តិរបស់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជន និងជាប្រធានព្រឹទ្ធសភា ថា បានតស៊ូគ្រប់បែបយ៉ាង ដើម្បីដឹកនាំប្រទេសនាំមកនូវសុខសន្តិភាពសម្រាប់ប្រជាជន។
លោកថ្លែងថា៖«សូមអំពាវនាវដល់គណបក្សប្រឆាំង អង្គការក្រៅរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយអាស៊ីសេរី ក៏ដូចជា Cambodia Daily និងបងប្អូនប្រឆាំងកន្លងមកនេះ សូមកុំយករូបភាពលោកបណ្ឌិត កែម ឡី ទៅជារឿងនយោបាយ ដើម្បីវាយប្រហារទៅលើរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជន ជាពិសេស ក្រុមគ្រួសាររបស់សម្តេចតេជោ ហ៊ុន សែន»។
លោក កែម រិទ្ធិសិទ្ធ ក៏បានថ្លែងអំណរគុណដល់លោក ហ៊ុន សែន ដែលបានជួយឧបត្ថម្ភដល់ការធ្វើបុណ្យសព ឬក៏បុណ្យខួបរៀងរាល់ឆ្នាំ និងបុណ្យឆ្លងចេតិយរបស់លោកបណ្ឌិត កែម ឡី ចំនួន ៩ម៉ឺនដុល្លារ។ លោកក៏បានបញ្ជាក់ទៀតថា នៅថ្ងៃទី១០ កក្កដា ឆ្នាំ២០២៤ ដែលជាថ្ងៃបុណ្យខួបជូនលោក កែម ឡី ក៏លោក ហ៊ុន សែន យកចិត្តទុកដាក់ក្នុងការជួយឧបត្ថម្ភផងដែរ។
ប៉ុន្តែប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា ផ្តាំទៅលោក កែម រិទ្ធិសិទ្ធ ដែលជាប្អូនប្រុសបង្កើតរបស់លោកបណ្ឌិត កែម ឡី ថា ក្នុងនាមជាប្អូន ត្រូវយល់អំពីតម្លៃ និងចំណេះដឹងជាសកលរបស់បង ហើយមិនត្រូវយកឈ្មោះបងរបស់ខ្លួនធ្វើនយោបាយប្រជាភិថុតិទេ។ លោកបន្តថា មិនមានអ្នកណាកេងចំណេញផលប្រយោជន៍អ្វីពីលោកបណ្ឌិត កែម ឡី ក្រៅតែពីគេឱ្យតម្លៃលោកតែប៉ុណ្ណោះ ព្រោះលោកលះបង់រហូតដល់ស្លាប់ ដើម្បីជាតិ និងប្រជាពលរដ្ឋ។
លោក មាជ សុវណ្ណារ៉ា ថ្លែងនៅថ្ងៃទី៩ កក្កដា ថា៖«ប្អូនរបស់គាត់[លោកបណ្ឌិត កែម ឡី] ត្រូវដឹងអំពីគុណតម្លៃបងគាត់ ដែលត្រូវគេគោរពជាសកល មិនថា នៅក្នុងមជ្ឈដ្ឋានមហាជនខ្មែរ ក៏ដូចជាអន្តរជាតិ ហើយការគោរពគុណតម្លៃជាសកលរបស់បណ្ឌិត កែម ឡី នេះ ដោយសារតែគេឃើញជាអត្ថប្រយោជន៍នៃគំនិតបញ្ញាញាណ និងទស្សនវិស័យ និងទស្សនទានរបស់បណ្ឌិត កែម ឡី»។
លោកបន្តថា គំនិតរបស់បណ្ឌិត កែម ឡី បានផ្តល់ជាប្រយោជន៍នៃសន្តិសុខមនុស្សជាតិ ចំណេះដឹង ដើម្បីធ្វើនូវអ្វីជាផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតមនុស្ស ការអភិវឌ្ឍន៍រីកចម្រើនផ្នែកនយោបាយដឹកនាំ។ អ៊ីចឹងហើយ មិនថា បក្សប្រឆាំង ឬក៏បក្សស្រប បក្សកាន់អំណាច អង្គការសង្គមស៊ីវិល គឺគេឱ្យតម្លៃទៅការចេះដឹងរបស់បណ្ឌិត កែម ឡី ហើយបណ្ឌិត កែម ឡី មិនមែនជាអ្នកនយោបាយទេ។
លោកសុវណ្ណារ៉ា បញ្ជាក់ថា៖«អ៊ីចឹងគ្មានអ្នកណាគេចង់ទៅយកឈ្មោះបណ្ឌិត កែម ឡី មកធ្វើប្រជាភិថុតិនយោបាយទេ គេសុទ្ធតែដឹងថា បណ្ឌិត កែម ឡី ជាអ្នកចេះ ជាបណ្ឌិត ជាអ្នកប្រាជ្ញ នៃទស្សនៈបញ្ញា គំនិត កែច្នៃ ជាផលប្រយោជន៍ ដែលគេអាចទទួលយកបានទាំងអស់គ្នា ដោយមិនរើសអើងនិន្នាការគណបក្សនយោបាយទេ។ កុំមកបញ្ចេញ ដែលខ្លួនជាអ្នកនយោបាយចូលទៅក្នុងបក្សកាន់អំណាច ហើយយកមកធ្វើប្រជាភិថុតិ ហើយវាយប្រហារទៅដល់អង្គការក្រៅរដ្ឋាភិបាល ក៏ដូចជាបក្សជំទាស់។ ខ្ញុំថា យើងអត់អាចទទួលយកបានទេ»។
រីឯ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ ថ្លែងថា ការលើកឡើងរបស់លោក កែម រិទ្ធិសិទ្ធ គឺជាសិទ្ធិរបស់គាត់ ដែលជាសាច់ញាតិ ប៉ុន្តែលោកថា ករណីមរណភាពរបស់លោកបណ្ឌិត កែម ឡី មិនមែនជាករណីក្នុងគ្រួសារទេ ហើយមរណភាពនេះក៏ពាក់ព័ន្ធនឹងទិដ្ឋភាពសាធារណៈ។ ដូច្នេះលោកបណ្ឌិត កែម ឡី គឺជាបញ្ញវន្តសាធារណៈ ដែលត្រូវបានមហាជនជាតិ និងអន្តរជាតិទទួលស្គាល់ ហើយចងចាំពីវីរភាពដ៏ខ្ពង់ខ្ពស់ អង់អាច ដែលហ៊ានប្រឈមនឹងបញ្ហានានាក្នុងសង្គម។
លោក សេក សុជាតិ ថ្លែងថា៖«ដូច្នេះការគោរព ការប្រតិបត្តិ ការលើកឡើងអំពីទិដ្ឋភាពផ្សេងៗទាក់ទងជាមួយបណ្ឌិត កែម ឡី គឺជាការរំឭកអំពីវីរភាពដ៏អង់អាចក្លាហានរបស់គាត់ ហើយក៏ជាការផ្តល់នូវព័ត៌មានទៅឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចងចាំនូវវីរភាពដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត កែម ឡី។ មិនមែនយកទៅធ្វើការកេងចំណេញផ្នែកនយោបាយណាមួយទេ»។
លោកបន្តថា បើនិយាយពីការកេងចំណេញផ្នែកនយោបាយ ហើយចង់ដោះស្រាយបញ្ហា ត្រូវតែរកយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី ឱ្យរួច ទើបបញ្ហា នឹងត្រូវបានគេបិទបញ្ចប់ ឬក៏គេនឹងគោរពប្រតិបត្តិទៅតាមទម្រង់មួយផ្សេងទៀត ដោយសារតែគាត់ទទួលបានយុត្តិធម៌។
លោកសុជាតិ បញ្ជាក់ថា៖«អ៊ីចឹងនៅពេលដែលគាត់មិនទាន់មានយុត្តិធម៌ណាមួយសម្រាប់គាត់ ភាគីពាក់ព័ន្ធផ្សេងៗ ដែលគិតថា គាត់គឺជាវីរបុរសរបស់គេ និងជាវីរបុរសរបស់សង្គម ហើយជាវីរបុរសរបស់អ្នកប្រជាធិបតេយ្យ គេអាចប្រើប្រាស់ឈ្មោះរបស់គាត់ក្នុងនាមជាអ្នកប្រជាធិបតេយ្យដូចគ្នា។ ដូច្នេះការអំពាវនាវនេះនឹងមិនទទួលបាននូវការគាំទ្រទេ»។
លោកបន្ថែមថា ផ្ទុយទៅវិញគ្រួសារនៃសពរបស់លោកបណ្ឌិត កែម ឡី គួរតែបើកចិត្ត និងផ្តល់លទ្ធភាពឱ្យកេរ្តិ៍ឈ្មោះ និងសេរីភាពទៅឱ្យដល់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យគេជួយជ្រោមជ្រែងស្វែងរកយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី៕
