នាយករដ្ឋមន្ត្រី អំពាវនាវឱ្យស្ថាប័នច្បាប់សម្រេចក្តីឱ្យបានហ្មត់ចត់ ម៉ឺងម៉ាត់ លើអតីតឧកញ៉ាបាញ់មនុស្សស្លាប់-របួស និងទទួលស្គាល់មតិរិះគន់ ដែលថា ច្បាប់បច្ចុប្បន្ននៅចន្លោះប្រហោង
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៥ មិថុនា នេះ បានអំពាវនាវដល់ស្ថាប័នតុលាការ និងអយ្យការ យកចិត្តទុកដាក់ក្នុងការអនុវត្តច្បាប់លើអតីតឧកញ៉ា ឈ្មោះ ស្រី ស៊ីណា ឱ្យបានហ្មត់ចត់ តឹងរ៉ឹង ម៉ឺងម៉ាត់ និងត្រឹមត្រូវទៅតាមច្បាប់ជាធរមាន ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងក្រុមគ្រួសារ។
លោក ហ៊ុន ម៉ាណែត ក៏ទទួលស្គាល់គណនីហ្វេសប៊ុក ដែលមានឈ្មោះ Vongchan Reaksmeidara ដែលបានបញ្ចេញមតិយោបល់តាមហ្វេសប៊ុក ជុំវិញករណីឃាតកម្មនេះ ដែលថា ច្បាប់បច្ចុប្បន្ន មានចន្លោះប្រហោងដ៏ធំ ដែលចាំបាច់ត្រូវកែប្រែ និងធ្វើបច្ចុប្បន្នភាព។ លោក ហ៊ុន ម៉ាណែត ឆ្លើយតបថា មតិយោបល់ខាងលើនេះ គឺមានហេតុផលសមស្រប ទាំងលើទិដ្ឋភាពសង្គម ទាំងលើទិដ្ឋភាពច្បាប់ ជាពិសេស ការលើកឡើងអំពីចន្លោះប្រហោង នៃច្បាប់បច្ចុប្បន្ន ដែលមិនបានចែងអំពីស្ថានទម្ងន់ទោស ទាក់ទងនឹងករណី នៃការបាញ់ប្រហារដ៏សាហាវខាងលើ ដែលមហាជនថ្កោលទោស និងសម្តែងប្រតិកម្ម ដោយខឹងសម្បារ។
ជាការឆ្លើយតប លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា ផ្អែកលើការលើកយោបល់នេះ លោកបានប្រគល់ភារកិច្ចជូនលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឱ្យសិក្សា និងរៀបចំបញ្ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌ នាពេលខាងមុខ នូវចំណុចខ្វះខាតទាំងឡាយនៅក្នុងក្រមព្រហ្មទណ្ឌ ដោយរួមបញ្ចូលទាំងចំណុចខ្វះខាតទាក់ទងនឹងការដាក់ទម្ងន់ទោសចំពោះស្ថានភាពនៃបទល្មើស ដូចករណី នៃការបាញ់ប្រហារដ៏សាហាវខាងលើផងដែរ។
ការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ក្រោយពីតំណាងអយ្យការ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ បានសម្រេចចោទប្រកាន់តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី១០- ១៥ឆ្នាំ លើអតីតឧកញ៉ា ស្រី ស៊ីណា ដែលជាខ្មាន់កាំភ្លើង បានបាញ់មនុស្សប្រុសស្រី២នាក់ ជាគូដណ្តឹងនឹងគ្នាស្លាប់ និងមនុស្ស២នាក់ទៀតរងរបួស កាលពីថ្ងៃទី១៧ មិថុនា នៅបុរីប៉េងហួត បឹងស្នោ ខណ្ឌច្បារអំពៅ។ ការសម្រេចចោទប្រកាន់បែបនេះ ក៏ត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងតាមបណ្តាញសង្គម ដោយមហាជនលើកឡើងថា បុគ្គលស្រី ស៊ីណា នេះ ត្រូវតែផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ទើបស័ក្តិសមនឹងការប្រព្រឹត្តរបស់ខ្លួន។
លោក ហ៊ុន ម៉ាណែត បានសរសេរ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី២៥ មិថុនានេះ ថា៖«ចំពោះករណីឃាតកម្មនេះ បើទោះបីជារាជរដ្ឋាភិបាល មិនអាចលូកដៃចូលក្នុងកិច្ចការរបស់ស្ថាប័នតុលាការក៏ដោយ ខ្ញុំសូមអំពាវនាវឱ្យស្ថាប័នតុលាការ និងស្ថាប័នអយ្យការ យកចិត្តទុកដាក់ក្នុងការពិនិត្យ និងអនុវត្តច្បាប់លើករណីនេះឱ្យបានហ្មត់ចត់ ឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ និងឱ្យបានត្រឹមត្រូវទៅតាមច្បាប់ជាធរមានដើម្បីស្វែងរកយុត្តិធម៌ ជូនជនរងគ្រោះ និងក្រុមគ្រួសារ ដោយគ្មានការអន្តរាគមន៍ណាមួយជាដាច់ខាត់»។
លោកនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានបង្ហាញនូវសុទ្ធចិត្តវែកញែកក្នុងរឿងឃាតកម្មនេះ និងប្រាប់ឱ្យប្រជាពលរដ្ឋមានការជឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជា ក្នុងការចាត់ការ និងដោះស្រាយផ្តល់យុត្តិធម៌ឱ្យបានត្រឹមត្រូវចំពោះករណីនេះ៕
