ចៅហ្វាយខេត្តចំនួន៤រូបត្រូវបានផ្ទេរពីខេត្តមួយទៅខេត្តមួយ ខណៈចៅហ្វាយខេត្តចំនួន៤រូបទៀត ត្រូវបានតែងតាំងថ្មី
ព្រះមហាក្សត្របានត្រាស់បង្គាប់ផ្ទេរ និងតែងតាំងតំណែងអភិបាលខេត្ត ចំនួន៨រូប ដែលក្នុងនោះអភិបាលខេត្ត ចំនួន៤រូបត្រូវបានផ្ទេរពីខេត្តមួយ ទៅខេត្តមួយ និងអភិបាលខេត្តថ្មី ចំនួន៤រូបទៀត ត្រូវបានតែងតាំងថ្មី។ នេះបើតាមព្រះរាជក្រឹត្យ ទើបបានចេញ នាថ្ងៃទី២៤ ខែមិថុនា នេះ។
អភិបាលខេត្ត ដែលត្រូវបានផ្ទេរពីខេត្តមួយទៅខេត្តមួយ រួមមាន លោក វី សំណាំង ផ្ទេរពីអភិបាលខេត្តកំពង់ស្ពឺ ទៅកាន់តំណែងជាអភិបាលខេត្តតាកែវ លោកគួច ចំរើន ផ្ទេរពីអភិបាលខេត្តព្រះសីហនុ ទៅកាន់តំណែងជាអភិបាលខេត្តកណ្តាល លោក ជាម ច័ន្ទសោភ័ណ ផ្ទេរពីអភិបាលខេត្តត្បូងឃ្មុំ ទៅកាន់តំណែងជាអភិបាលខេត្តកំពង់ស្ពឺ និងលោក ប៉ែន កុសល្យ ផ្ទេរពីអភិបាលខេត្តឧត្តរមានជ័យ ទៅកាន់តំណែងជាអភិបាលខេត្តត្បូងឃ្មុំ។
ជាមួយគ្នានេះ ព្រះរាជក្រឹត្យនៅថ្ងៃនេះដដែល ក៏បានតែងតាំងអភិបាលខេត្តថ្មី ចំនួន៤រូបផងដែរ ដែលក្នុងនោះ លោក ម៉ាង ស៊ីណេត ត្រូវបានតែងតាំងជាអភិបាលខេត្តព្រះសីហនុ លោក មាន ចាន់យ៉ាដា ត្រូវបានតែងតាំងជាអភិបាលខេត្តឧត្តរមានជ័យ លោក នួន ផារ័ត្ន ត្រូវបានតែងតាំងជាអភិបាលខេត្តកំពង់ធំ និងលោក សរ សុពុត្រា ត្រូវបានតែងតាំងជាអភិបាលខេត្តស្ទឹងត្រែង៕
Comments are closed.