មេបញ្ជាការរងអាវុធហត្ថខេត្តប៉ៃលិន ដែលមានជម្លោះជាមួយអ្នករត់តាក់ស៊ី ត្រូវបានផ្អាកមុខតំណែង ដើម្បីស៊ើបអង្កេត
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បញ្ជាក់នៅថ្ងៃទី២៤ មិថុនា ថា ក្រោយពីកើតមានជម្លោះរវាងលោក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន និងឈ្មោះ ហួ ទ្រី អ្នករត់តាក់ស៊ី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាត់ឱ្យធ្វើអធិការកិច្ចភ្លាម និងប្រជុំពិភាក្សាករណីជម្លោះនេះកាលពីថ្ងៃទី២១ មិថុនា។
បន្ទាប់ពីស្ដាប់របាយការណ៍ របស់ការិយាល័យនីតិកម្ម និងអធិការកិច្ច កិច្ចប្រជុំបានសម្រេចធ្វើសំណើទៅអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដើម្បីផ្អាកមុខតំណែងលោក ស ប៊ុនសឿង និងធ្វើសំណើបង្កើតក្រុមប្រឹក្សាវិន័យ ដើម្បីធ្វើការស៊ើបអង្កេត មុននឹងដាក់ទណ្ឌកម្មតាមលក្ខន្តិកៈ។
កាលពីយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ មានការចោទប្រកាន់លើលោក ស ប៊ុនសឿង ថា បាននាំកូនចៅទៅចាប់អ្នករត់តាក់ស៊ីម្នាក់ ដោយគ្រាន់តែរឿងផ្ទាល់ខ្លួនបន្តិចបន្តួច បណ្តាលឱ្យកើតជាជម្លោះ ហើយក្រោយមកក៏បានសម្រុះសម្រួលគ្នា សុំទោសគ្នាទៅវិញទៅមកបញ្ចប់រឿង។ ប៉ុន្តែសម្រាប់វិន័យកងកម្លាំងនៅតែអនុវត្តមិនមានការសម្របសម្រួលឡើយ៕
Comments are closed.