Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្នលើអតីតឧកញ៉ា ស្រី ស៊ីណា ករណីឃាតកម្មបាញ់សម្លាប់មនុស្ស២នាក់ និងមនុស្ស២នាក់ទៀតរងរបួស

ភ្នំពេញៈ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទ គឺអតីតឧកញ៉ា ឈ្មោះ ស្រី ស៊ីណា ករណីឃាតកម្មបាញ់សម្លាប់មនុស្ស២នាក់ និងមនុស្ស២នាក់ទៀតរងរបួស ក្រោយទទួលបានសំណុំរឿងពីការចោទប្រកាន់របស់តំណាងអយ្យការ លើអតីតឧកញ៉ារូបនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២៣ មិថុនា នេះ។

សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា ក្រោយពីទទួលបានសំណុំរឿងខាងលើ ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន លើជនត្រូវចោទ ឈ្មោះ ស្រី ស៊ីណា តាមនីតិវិធីច្បាប់ជាធរមាន។ ចៅក្រមស៊ើបសួរ នឹងធ្វើការស្រាវជ្រាវឱ្យបានស៊ីជម្រៅបន្ថែមទៀតលើសំណុំរឿងទាំងពីរនេះ។

សេចក្តីប្រកាសព័ត៌មានបន្តថា៖«ក្នុងករណីរកឃើញ នូវភស្តុតាងថ្មីបន្ថែម ដែលអាចនាំឱ្យមានការប្រែប្រួលទៅលើអង្គហេតុ និងបទចោទប្រកាន់ ចៅក្រមស៊ើបសួរមានសិទ្ធិអំណាចក្នុងការកែប្រែបទចោទប្រកាន់បានជាដរាប»។

សេចក្តីប្រកាសបញ្ជាក់ថា៖«សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងចាត់វិធានការក្នុងការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់នៅក្នុងសំណុំរឿងនេះ ដើម្បីផ្តល់យុត្តិធម៌ឱ្យបានត្រឹមត្រូវតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា»។

កាលពីថ្ងៃទី១៧ មិថុនា ឆ្នាំ២០២៤ អតីតឧកញ៉ា ស្រី ស៊ីណា បានប្រព្រឹត្តអំពើឃាតកម្ម ដោយបាញ់សម្លាប់មនុស្សប្រុសស្រី២នាក់ ដែលជាគូដណ្តឹងនឹងគ្នា និងមនុស្ស២នាក់ទៀតរងរបួស នៅក្នុងបុរីប៉េងហួត បឹងស្នោ នៅខណ្ឌច្បារអំពៅ ដោយសារតែជម្លោះរឿងដាក់ស្នួហាលខោអាវ៕

Comments are closed.