អតីតឧកញ៉ា ស្រី ស៊ីណា ដែលបាញ់សម្លាប់មនុស្ស២នាក់ និងរងរបួស២នាក់ នៅបុរីប៉េងហួត បឹងស្នោ ត្រូវបានចោទប្រកាន់ ២សំណុំរឿង និងចេញជា ៣បទល្មើស
ភ្នំពេញៈ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ ២សំណុំរឿង ដែលចេញជា ៣បទល្មើស លើអតីតឧកញ៉ា ស្រី ស៊ីណា ករណីឃាតកម្មបាញ់សម្លាប់មនុស្សប្រុសស្រី២នាក់ ដែលជាគូដណ្តឹងនឹងគ្នា និងមនុស្ស២នាក់ទៀតរងរបួស នៅបុរីប៉េងហួត បឹងស្នោ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១៧ មិថុនា។
ចំណែក ឈ្មោះ សាន សុខចំរើន ហៅ ឆ្អឹង និងឈ្មោះ ទិន ទូច ហៅ រ៉ាដូ ត្រូវបានដោះលែងឱ្យមានសេរីភាពវិញ ដោយហេតុថា បុគ្គលទាំងពីរនាក់មិនមានជាប់ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តបទល្មើសខាងលើនេះទេ។
សេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២២ មិថុនា ឆ្នាំ២០២៤ របស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ផ្អែកលើមូលដ្ឋាន និងភស្តុតាងនានាក្នុងសំណុំរឿង តំណាងអយ្យការបានសម្រេចចោទប្រកាន់លើករណីនេះជា ២សំណុំរឿង។ សំណុំរឿងទី១ មានជនសង្ស័យ ឈ្មោះ ស្រី ស៊ីណា ដែលបានប្រព្រឹត្តអំពើបាញ់ប្រហារបណ្តាលឱ្យជនរងគ្រោះ២នាក់បានស្លាប់។ តំណាងអយ្យការបានធ្វើការចោទប្រកាន់លើឈ្មោះនេះពីបទ ឃាតកម្ម និងបទ ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ។
សំណុំរឿងទី២ មានជនសង្ស័យឈ្មោះ ស្រី ស៊ីណា ដែលបានប្រព្រឹត្តអំពើបាញ់ប្រហារបណ្តាលឱ្យជនរងគ្រោះ ២នាក់រងរបួស តំណាងអយ្យការបានធ្វើការចោទប្រកាន់លើឈ្មោះនេះពីបទ ប៉ុនប៉ងឃាតកម្ម និងបទ ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា ២៧ និងមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ៕
Comments are closed.