សមាគមឧកញ៉ា ប្រកាសថាឧកញ៉ាបាញ់សម្លាប់មនុស្ស២នាក់គូដណ្ដឹងនឹងគ្នា និង២នាក់រងរបួស មិនមែនជាសមាជិកក្នុងសមាគមឧកញ៉ាកម្ពុជាទេ និងស្នើបញ្ចប់គោរមងារឱ្យបានឆាប់
សមាគមឧកញ៉ាកម្ពុជា ប្រកាសថា ខ្មាន់កាំភ្លើងមានងារជាឧកញ៉ា ឈ្មោះ ស្រី ស៊ីណា ដែលបាញ់សម្លាប់មនុស្សប្រុសស្រី២នាក់ ជាគូដណ្តឹងនឹងគ្នា និង២នាក់ទៀតរងរបួស ក្នុងបុរីប៉េងហួតបឹងស្នោ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីថ្ងៃទី១៧ មិថុនា ឆ្នាំ២០២៤ មិនមែនជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជាទេ។ សេចក្តីប្រកាសនេះចេញប៉ុន្មានម៉ោងក្រោយឃាតកម្មនេះកើតឡើងក្នុងជម្លោះរឿងស្នួហាលខោអាវ។
សេចក្តីប្រកាសព័ត៌មានរបស់សមាគមឧកញ៉ាកម្ពុជា បញ្ជាក់ថា៖«សូមគោរពជម្រាបជូន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងសាធារណជន ទាំងអស់មេត្តាជ្រាបថា ជនសង្ស័យឈ្មោះ ស្រី ស៊ីណា គ្រាន់តែមានគោរមងារ «ឧកញ៉ា» ប៉ុន្តែ មិនមែនជាសមាជិកសមាគមឧកញ៉ាកម្ពុជា នៅឡើយទេ»។
ទោះបីជាយ៉ាងណា សមាគមឧកញ៉ាកម្ពុជា ក្នុងនាមជាស្ថាប័នតំណាងគោរមវន្តទាំងអស់នៅកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ ដើម្បីធានាពីកេរ្តិ៍ឈ្មោះ កិត្តិយស កិត្យានុភាព ឧត្តមភាព និងសេចក្តីថ្លៃថ្នូរ នៃគោរមងារឧកញ៉ា នឹងបន្តចាត់វិធានការគ្រប់បែបយ៉ាង និងស្នើសុំបញ្ចប់គោរមងារឧកញ៉ាពីជនសង្ស័យឈ្មោះ ស្រី ស៊ីណា ក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ ស្របតាមមាត្រា១៩ មាត្រា២២ និងមាត្រា២៣ នៃព្រះរាជក្រឹត្យ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីពីគោរមងារឧកញ៉ា។ នេះបើតាមសេចក្តីប្រកាស៕
Comments are closed.